ព័ត៌មានជាតិ

រុស្ស៊ី ហាមប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីកាណាដា ចូលមកក្នុងប្រទេស

(ឡុងដ៍)៖ រដ្ឋាភិបាលទីក្រុងម៉ូស្គូ នៅថ្ងៃអង្គារសប្ដាហ៍នេះបានសម្រេចបញ្ចូលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ព្រមទាំងមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនទៀត ទៅក្នុងបញ្ជីឈ្មោះនៃបុគ្គលដែលត្រូវបានហាមឃាត់ចូល មកក្នុងប្រទេសរុស្ស៊ី។ ការដាក់បម្រាមខាងលើរបស់រុស្ស៊ី ធ្វើឡើងជាការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន លើក្រុមមន្ត្រីរុស្ស៊ី។

អមជាមួយលោក ចូ បៃដិន, មន្ត្រីជាន់ខ្ពស់អាមេរិកដូចជារដ្ឋមន្ត្រីការពារជាតិលោក ឡយដ៍ អូស្ទីន (Lloyd Austin), នាយក CIA លោក វីលៀម ប៊ឺន (William Burns), ទីប្រឹក្សាសន្តិសុខជាតិ លោក ជែក ស៊ូលីវ៉ាន (Jake Sullivan) និងអតីតរដ្ឋមន្ត្រីការបរទេសលោកស្រី ហ៊ីលឡារី គ្លីនតុន ក៏ត្រូវបានហាមចូលជាន់ទឹកដីរុស្ស៊ីផងដែរ។

ប៉ុន្តែ គេមើលឃើញថាបម្រាមនេះហាក់ត្រឹមជានិមិត្តរូបប៉ុណ្ណោះ ពីព្រោះក្រសួងការបរទេសរុស្ស៊ីផ្ទាល់បានអះអាងថាខ្លួននៅតែ រក្សាទំនាក់ទំនងផ្លូវការ ហើយថាបើចាំបាច់ ការទំនាក់ទំនង ឬកិច្ចសន្ទនាកម្រិតខ្ពស់ជាមួយមនុស្សដែលជាប់បម្រាមអាចនឹងត្រូវធ្វើឡើង៕

ប្រភព៖ Reuters

មតិយោបល់