ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ករណីប៉ុនប៉ងមនុស្សឃាតយកកាំបិតកាប់ដាច់ដៃស្រ្តីរងគ្រោះ និងជះទឹកអាស៊ីត

តាកែវៈ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ

នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ វេលា ម៉ោង ២និង៣០នាទី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោករសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំសហការជាមួយនិងកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ីង យ៉ាន និងកម្លាំងស្នងការដ្ឋានខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹមឈុង បាន អនុវត្តដីការបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ១០៤/២០២០ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តតាកែវ និងឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ គប់ ផា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅត្រង់ចំណុចភូមិចំលងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ។

សម្ភារៈដកហូតមានម៉ូតូ០១គ្រឿងម៉ាក HONDA WAVE មិនស្គាល់ឆ្នាំផលិត ពាក់ស្លាកលេខភ្នំពេញ ១AH-៣១២៥ ។

គួររំលឹកដែរថា កាលពីថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៩ ត្រង់ចំណុចភូមិព្រះម្លប់ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានករណីប៉ុនប៉ងមនុស្សឃាត បង្កឡើងដោយជនសង្ស័យឈ្មោះគុប ផា បានធ្វើសកម្មភាព យកកាំបិតតាំងតោ កាប់ប្រហារលើស្រ្តីជនរងគ្រោះឈ្មោះ សាន ចិន្តា ជាច្រើនកាំបិត បណ្តាលឲ្យដាច់កដៃ និងជះទឹកអាស៊ីតពីលើបន្ថែមទៀត ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនាយកដ្ឋានបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការបន្ត ៕

មតិយោបល់