ព័ត៌មានជាតិ

ជនជាតិចិន ២នាក់ បើកវ៉ាជែងរថយន្តក្រុងមិនផុត ក៏រ៉េចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់រថយន្ត

ភ្នំពេញ: បុរសជាជនជាតិចិន ២នាក់ បើកបរក្នុងល្បឿនលឿនវ៉ាស្តាំរថយន្តក្រុងមិនផុត ក៏បានប៉ះរថយន្តក្រុងរ៉េចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ ២កង់ធំក្រឡាប់រថយន្ត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង២០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃ អាទិត្យ ទី ០៦ ខែ កញ្ញា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិន ២នាក់ បើករថយន្តម៉ាកTacoma ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AN-7574 បើកតាមបណ្តោយផ្លូវសហព័ន្ធរុស្សីទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះវ៉ាស្តាំរថយន្តក្រុង ៤២កៅអី ពណ៌លឿងលាយសមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3B-6027 វ៉ាកៀកហើយមិនទាន់ផុតផង ប្រញាប់បត់ឡើងមកលើវិញពេកក៏បានប៉ះកៀររថយន្តក្រុងរ៉េចង្កូត ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់រថយន្តបាក់ទ្រូងផ្លូវអស់ ២កង់ធំ ធ្វើឲ្យបុរសម្នាក់ដែលរួមដំណើរជាមួយតៃកុងរថយន្តជា ជនជាតិចិននោះរងរបួសធ្ងន់ម្នាក់ រីឯអ្នកបើកបរវិញមិនមានរងរបួសអ្វីនោះទេ ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុឃាត់ខ្លួន តៃកុងរថយន្តបង្កហើយវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់