ព័ត៌មានជាតិ

រថយន្តរ៉េហ្វ័របើកបុកឡានដឹកផ្លែឈើ ក្រឡាប់ផ្ងារជើង និងបង្កជាអគ្គិភ័យឆាបឆេះ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ២នាក់

ភ្នំពេញ: នៅវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តរ៉េហ្វ័រ បុកឡានដឹកផ្លែឈើ ក្រឡាប់ផ្ងារជើង និងបង្កជាអគ្គិភ័យ ចំណុចមុខសាលាបឋមសិក្សាទឹកល្អក់ តាមបណ្ដោយផ្លូវ២៥៣ កែងនិងផ្លូវ២០២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តម៉ាក រ៉េហ្វ័រ ពណ៌ប្រផេះ មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BC-3977។
រថយន្ត សាំយ៉ុង ដឹកផ្លែឈើ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កំពត 2B-0808 មានអ្នករួមដំណើរ ៨នាក់។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីអ្នកបើកបររថយន្តបង្ក បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានផឹកស្រាបៀរអស់ចំនួន ៥ទៅ៦កំប៉ុង ជាមួយមិត្តភក្តិ ហើយក៏បើករថយន្តត្រឡប់មកផ្ទះវិញ ដោយធ្វើដំណើរពីកើតទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុ រេចង្កូតទៅបុកឡានសាំយ៉ុងដឹកផ្លែឈើ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងជ្រុះផ្លែឈើរាយប៉ាយពេញផ្លូវ និងបង្កជាអគ្គិភ័យឆាបឆេះ មនុស្សរងរបួសធ្ងន់ ២នាក់។

សូមបញ្ជាក់៖ ករណីនេះ ត្រូវបានប្រជាពលរដ្ឋជួយពន្លត់ទាន់ពេលវេលា។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងធ្វើការវាស់វែងវត្ថុតាង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់