ព័ត៌មានជាតិ

គ្រូពេទ្យអាមេរិកវះកាត់ប្ដូរក្រលៀនជ្រូក ឱ្យមនុស្សដោយជោគជ័យជាលើកដំបូងបំផុត

(ញូយ៉ក)៖ ក្រុមគ្រូពេទ្យនៅក្នុងសហរដ្ឋអាមេរិក បានធ្វើការវះកាត់ប្ដូរក្រលៀនជ្រូក ឱ្យអ្នកជំងឺម្នាក់បានដោយជោគជ័យជាលើកដំបូងបំផុត ហើយដែលនេះជា ការបោះជំហានទៅមុខក្នុងការកាត់បន្ថយការខ្វះខាតក្នុងការវះកាត់ប្ដូរអវៈយវៈមនុស្សនៅពេលអនាគត។

ការវះកាត់ប្ដូរក្រលៀនជ្រូកដាក់ឱ្យមនុស្សខាងលើត្រូវបានធ្វើឡើងនៅឯមជ្ឈមណ្ឌលវិជ្ជសាស្ត្រ NYU Langone Health ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។ ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថាអ្នកជំងឺជាស្ត្រីម្នាក់ដែលទទួលការវះកាត់ប្ដូរក្រលៀនជ្រូក មានបញ្ហាក្រលៀនមិនដំណើរការ ហើយគ្រួសារអ្នកជំងឺរូបនេះក៏បានយល់ព្រមលើការវះកាត់នេះដែរ។

បើតាមក្រុមគ្រូពេទ្យ រយៈពេល៣ថ្ងៃក្រោយការវះកាត់ ក្រលៀនជ្រូក បានដំណើរការជាធម្មតាជាមួយសសៃឈាម ហើយក៏មិនមានប្រតិកម្មបដិសេធពីសារពាង្គកាយ ឬក៏ប្រព័ន្ធភាពសុំារបស់អ្នកជំងឺនោះដែរ ខណៈក្រុមគ្រូពេទ្យ នៅតែបន្តតាមដាននៅឡើយ។

នៅក្នុងសហរដ្ឋអាមេរិក, មានមនុស្សជិត ១០៧,០០០នាក់ កំពុងរង់ចាំវះកាត់ការប្ដូរអវៈយវៈ ក្នុងនោះមានច្រើនជាង ៩០,០០០នាក់រង់ចាំ ការវះកាត់ប្ដូរក្រលៀន៕

ប្រភព៖​​​​​​ Reuters

មតិយោបល់