ព័ត៌មានជាតិ

បុរសពីរនាក់ ជិះម៉ូតូឌុកគ្នា ចេញពីកន្លែងផឹកស៊ី ទៅបុករបងផ្ទះគេពេញទំហឹង បណ្តាលឲ្យស្លាប់និងរបួសធ្ងន់

កណ្តាល: កាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បុរស២នាក់ ជិះម៉ូតូ១គ្រឿងចេញពីកន្លែងផឹកស៊ី បើកបរយ៉ាងលឿន បណ្តាលឲ្យបុករបងថ្មផ្ទះគេ ពេញទំហឹង ស្លាប់ម្នាក់ និងម្នាក់ទៀត បានរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើl នៅភូមិជ្រោយខ្សាច់ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

សពជនរងគ្រោះឈ្មោះ ហុង លីគឺ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ,មានអ្នករួមដំណើរជាមួយឈ្មោះ គ្រី វណ្ណ: ភេទប្រុស អាយុ៣៧ឆ្នាំ បានរបួសធ្ងន់ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើទាំងពីរនាក់ បានធ្វើដំណើរតាមម៉ូតូមួយគ្រឿង ឌុបគ្នាមកស៊ីផឹកនៅភូមិព្រែកដំបង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។ ពេលផឹកស៊ីស្រវឹងក៏បានឡើងជិះម៉ូតូម៉ាក PCX ពាក់ផ្លាកលេខភ្នំពេញ1ii 0829 ចេញមកវិញក្នុងល្បឿនយ៉ាងលឿន លុះបើកបរមកដល់ចំណុចផ្លូវកោង ក៏ជ្រុលបុករបងថ្មផ្ទះគេ ពេញទំហឹង បណ្ដាលឱ្យអ្នកបើកបរឈ្មោះ ហុង លីគឺ បោកផ្ទប់ទៅនឹងរបងថ្មស្លាប់មួយរំពេចនៅកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរជាមួយឈ្មោះ គ្រី វណ្ណ: បានរងរបួសធ្ងន់ ម៉ូតូរងការខូចខាតស្ទើរទាំងស្រុង ។ រីឯជនរងគ្រោះត្រូវបានដឹកបញ្ចូលទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យ ធ្វើកំណត់ហេតុវាស់វែង ។ សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់