ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតទ្បើងខណៈដែលមេឃកំពុងភ្លៀង ស្រាប់តែមានបុរសម្នាក់ បើករថយន្តមួយគ្រឿង ទៅបុករបាំងថ្មពុះចែកទ្រូងពេញទំហឹង បណ្តាលឲ្យរងការខូចខាត។
កើតហេតុកាលពីវេលាម៉ោង ១០យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅស្តុបកងរាជអាវុធហត្ថ ផ្លូវលេខ២៨៩ កែងនិងផ្លូវលេខ៥២៦ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដំណើររឿង៖ ដំបូងទ្បើយគេឃើញរថយន្តបង្ក FordRanger ពណ៌ខ្មៅ ពាក់ផ្លាកលេខ នគរបាល 2-0660 បើកបរ និងរួមដំណើរ ដោយបុរស២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៩ ទិសដៅពីត្បូងទៅជើង មកដល់ស្តុបកងរាជអាវុធហត្ថ កែងផ្លូវលេខ៥២៦ រថយន្តខាងលើ បានឈប់រង់ចាំស្តុប ទន្ទឹមគ្នាជាមួយរថយន្តធុនធំមួយគ្រឿងមិនចាំម៉ាក។ ខណៈដែលភ្លើងស្តុបចរាចរណ៍លោតពណ៌ខៀវ រថយន្ដធុនធំ ក៏បើកទៅមុនរថយន្តបង្កបន្តិច ហើយរថយន្តបង្ក ក៏បានជាន់ហ្គ៊ែររថយន្ដទៅតាមក្រោយ យ៉ាងលឿន ធ្វើឲ្យរថយន្តស្ទុះទៅបុករបាំងថ្មពុះចែកទ្រូង ដែលគ្មានភ្លើងចំណាំងផ្លាត ខណៈដែលមេឃកំពុងភ្លៀងខ្លាំង បណ្តាលវៀចខូចខាតទ្រង់ទ្រាយដើមអស់ចំនួន២កង់ ចំណែករថយន្តខូចខាតដាច់កាឡេកង់មុខ បែកស្តុប ក្រពឹតកាងមុខផ្នែកខាងឆ្វេង និងផ្ទុះពោងសុវត្ថិភាព ខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមាននណារម្នាក់រងរបួសឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះមកដល់ ធ្វើការវាស់វែង យកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕
មតិយោបល់