ភ្នំពេញៈ នាព្រឹកថ្ងៃទី៨ សីហា នេះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងពិធីបង្ហូតទង់អាស៊ាន ដើម្បីរំឭកខួបអនុស្សាវរីយ៍លើកទី៤៩ នៃទិវាអាស៊ាន ដែលមានជំនឿថា ទង់ដែលបង្ហូតនាពេលនេះ តំណាងឲ្យនូវនិម្មិតរូបឯកភាព និងក្តីសង្ឃឹម សម្រាប់ប្រជាជនអាស៊ានប្រមាណ៦២៨លាននាក់។
លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់បន្តទៀតថា «នៅពេលដែលយើងស្តាប់បទភ្លេងអាស៊ាន ហើយនៅពេលដែលទង់អាស៊ានត្រូវបានបង្ហូតជាបន្តបន្ទាប់នៅក្នុងស្ថានទូត និងស្ថានកុងស៊ុលនានារបស់ប្រទេសជាសមាជិកអាស៊ានទន្ទឹមគ្នា និងទង់ជាតិរបស់ប្រទេសសមាជិកអាស៊ាននីមួយៗ យើងមិនមានអ្វីក្រៅតែពីការជំរុញចិត្តយ៉ាងខ្លាំងក្លាក្នុងការសុបិន្តទៅរកអនាគតដ៏ប្រសើររបស់ប្រជាជនយើង ប្រជាជាតិនីមួយៗរបស់យើង និងសហគមន៍អាស៊ានរបស់យើង»។
ប្រមុខការទូតជាន់ខ្ពស់កម្ពុជា បានបញ្ជាក់បន្ថែមទៀតថា «បន្ទាប់ពីរយៈពេល៤៩ឆ្នាំនៃការប្រឹងប្រែងបំពេញការងារ និងស្មារតីលះបង់តំបន់អាស៊ីអគ្នេយ៍របស់យើងនាពេលបច្ចុប្បន្ននេះ បានធ្វើសមាហរណកម្មជាសហគមន៍អាស៊ាន ដោយទទួលបានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ សហគមន៍អាស៊ានរបស់យើងនាពេលនេះ បានទទួលយកដោយមោទនភាពនូវអត្តសញ្ញាណរួមមួយ និងមានចក្ខុវិស័យរួមសម្រាប់វិបុលភាព និងសាមគ្គីភាព»។
លោកទេសរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «នៅពេលដែលយើងឈានទៅកាន់ទស្សវត្សបន្ទាប់ និងលើសនេះទៀត ថ្ងៃនេះយើងសូមអះអាងជាថ្មីពីការប្តជ្ញាចិត្តរួមគ្នា ក្នុងការធ្វើឲ្យសហគមន៍អាស៊ានរបស់ស៊ីជម្រៅ និងរឹងមាំថែមទៀត។ ជាមួយកិច្ចប្រឹងប្រែងរួមគ្នានៅក្នុងអាស៊ាន និងការគាំទ្រយ៉ាងខ្លាំងក្លាពីមិត្តនិងដៃ ក្រៅតំបន់នានា យើងពិតជាសម្រេចជោគជ័យនៅក្នុង សហគមន៍ដែលមានការយកចិត្តទុកដាក់រួម ព្រមទាំងរួមចំណែកដល់សន្តិភាព និងវិបុលភាពសម្រាប់តំបន់យើង និងពិភពលោក»៕
មតិយោបល់