បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ០៦នាក់ទៀត បានរងរបួសធ្ងន់ និង០៦នាក់ផ្សេងទៀត រងរបួសស្រាល ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងនៅវេលាម៉ោង៣ និង៤០នាទី នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិ៥៨ ចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលាស្រុកអូរជ្រៅ បានឲ្យដឹងថា៖ រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ កំពង់ចាម MA.8759 ជារថយន្តផ្ទុកទំនិញធុនធ្ងន់ (ដឹកសត្វជ្រូក)បានបើកបរពីទិសខាងលិចទៅខាងកើត មានអ្នករួមចំនួន១៣នាក់ ។
លោកអធិការបានបញ្ជាក់ថា៖ នៅពេលដែលកំពុងបើកមកដល់ចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ រថយន្តបានរេចង្កូតទៅខាងស្តាំបុកនឹងបង្កាន់ដៃស្ពានពេញទំហឹង រថយន្តបានផ្លោងលើបង្កាន់ដៃស្ពាន ជាប់ពាក់កណ្តាល ចំណែក្បាលរថយន្តបានធ្លាក់ទៅនឹងដីសង្កត់ស្លាប់អ្នករួមដំណើរម្នាក់ ចំណែក០៦នាក់ បានរងរបួសធ្ងន់ និង០៦នាក់ទៀត របួសស្រាល ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត។ ដោយទ្បែកអ្នកបើកបរ ក្រោយពីកើតហេតុបាន រត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នរថយន្តនគរបាលជំនាញ ចរាចរណ៍ស្រុករៀបចំស្ទូចយកមកទុកនៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីរកម្ចាស់និងអ្នកបើកបរចូលខ្លួនមកដោះស្រាយតាមច្បាប់៕


មតិយោបល់