ព័ត៌មានជាតិ

សូមកុំជឿការអូសទាញ ឬលួងលោមគ្រប់រូបភាព! ជនឆបោកចំនួន ៥ នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីក្លែងបន្លំ (Fraud) និងទទួលការ វេរប្រាក់ចូលគណនីខុសប្រក្រតី

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សំណុំរឿងឆបោក និងសម្អាតប្រាក់ដ៏ធំមួយនៅរាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលស្រាវជ្រាវ និងឈានការចាប់ខ្លួនជនជាតិបរទេស៤នាក់ និងស្ដ្រីខ្មែរម្នាក់។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ និងឧត្តមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។

របាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដែលគេហទំព័រ និងព័ត៌មានអគ្គស្នងការនគរបាលជាតិ ទទួលបាននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ កម្លាំងជំនាញបានទទួលព័ត៌មានអំពីប្រតិបត្តិការក្លែងបន្លំ (Fraud) និងទទួលការវេរប្រាក់ចូលគណនីខុសប្រក្រតី ដោយមានប្រតិបត្តិការចេញពីគណនីធនាគារមួយ ដែលមានប្រភពពីសហរដ្ឋអាមេរិក ចូលគណនីធនាគារមួយចំនួន នៅប្រទេសកម្ពុជា។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចពាក់ព័ន្ធបានបន្តស្រាវជ្រាវ ប្រមូលព័ត៌មានរហូតឈានដល់បំបែកសម្បុកក្រុមឆបោក និងសម្អាតប្រាក់ ដ៏ធំមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២០ នឹងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៥នាក់ ក្នុងនោះមានជនជាតិ នីហ្សេរីយ៉ា ចំនួន០៤នាក់ និងស្រ្តីជនជាតិខ្មែរម្នាក់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ទៀតថា ក្រុមជនសង្ស័យខាងលើ បានប្រើល្បិចកលរូបភាពអូសទាញ ប្រជាពលរដ្ឋខែ្មរ ឲ្យបើកគណនីធនាគារ ដើម្បីទទួលការវេរប្រាក់ចូលពីក្រៅប្រទេស ហើយផ្តល់កម្រៃជើងសារជូនពួកគាត់។

ហេតុដូចនេះប្រសិនពលរដ្ឋ ត្រូវបានគេទំនាក់ទំនងពឹងពាក់ឲ្យ បើកគណនីធនាគារ ឬក៏ជួយបើកប្រាក់ពីកន្លែង ផ្តល់សេវាវេរប្រាក់គ្រប់ប្រភេទនៅប្រទេសកម្ពុជា ដើម្បីឲ្យជៀសផុតពីការចាញ់បោកក្រុមនេះ សូមមានការប្រុងប្រយ័ត្ន កុំជឿការអូសទាញ ឬលួងលោមគ្រប់រូបភាព ហើយរាយការណ៍ជូនសមត្ថកិច្ច ដែលជិតបំផុត ដើម្បីមានវិធានការទាន់ពេលវេលា។

សម្រាប់ជនត្រូវចោទទាំង៥នាក់ ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារកាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០៕

មតិយោបល់