ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ ជនសង្ស័យបន្លំធ្វើជាបុគ្គលិកផ្ទះសំណាក់ ជួយលើកអីវ៉ាន់ចូលបន្ទប់ ហើយសុំសោរថយន្តពីភ្ញៀវ បើកយកទៅបាត់ ទទួលសារភាពកំហុសហើយ!

ភ្នំពេញ: នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅកោះពេជ្រ កម្លាំងអាវុធហត្ថជំនាញ នៃការិយាល័យស្រាវជ្រាវបង្រ្កាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយអាវុធហត្ថ ខណ្ឌជ្រោយចង្វារ ដូនពេញ និងចម្ការមន ឃាត់ខ្លួនជនសង្ស័យបានហើយ ករណីបន្លំធ្វើជាបុគ្គលិក ផ្ទះសំណាក់ ចូលសុំសោរថយន្ដពីភ្ញៀវ ក្នុងផ្ទះសំណាក់ នៅខេត្តតាកែវ ហើយបើករថយន្តយកទៅបាត់។

សូមបញ្ជាក់ថា ជនសង្ស័យមានល្បិចខ្ពស់ណាស់ ដោយបានបន្លំធ្វើដូចជាបុគ្គលិកផ្ទះសំណាក់ ជួយលើកអីវ៉ាន់ដាក់ចូលបន្ទប់ ហើយបានសុំសោរថយន្ត ពីភ្ញៀវដោយប្រាប់ថា យកទៅរៀបចំទុកដាក់រថយន្តឲ្យមានសណ្ដាប់ធ្នាប់ បន្ទាប់មកក៏បំភ័ន្តខាងម្ចាស់ផ្ទះសំណាក់ ធ្វើដូចជាសាច់ញាតិម្ចាស់រថយន្ត ហើយក៏លួចយករថយន្តជនរងគ្រោះ ជិះគេចខ្លួនបាត់តែម្ដងទៅ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះសំណាក់ «មហារុងរឿង» ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។

រថយន្តដែលជនសង្ស័យបន្លំលួចទៅបាត់ម៉ាក Rivo ឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4443 របស់ម្ចាស់ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ ឆ្នាំ នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលបានមកស្នាក់នៅផ្ទះសំណាក់ខាងលើ។
ក្រោយពីសមត្ថកិច្ចបង្ក្រាបបានដូច បានយកវត្ថុតាងរថយន្តជនរងគ្រោះ និងនាំខ្លួនជនសង្ស័យ ប្រគល់ឲ្យអាវុធហត្ថខេត្តតាកែវ ចាត់ការតាមនិតិវិធី៕

មតិយោបល់