ព័ត៌មានជាតិ

ប្តីប្រពន្ធពីរនាក់ជិះរ៉ឺម៉កដឹកបន្លែ ត្រូវជនសង្ស័យឆក់កាបូបមិនបានសម្រេច បណ្តាលឲ្យរេចង្កូតបុកទ្រូងផ្លូវ

ភ្នំពេញ:​ នា​វេលា​ម៉ោង០​២និង២០នាទីយប់​រំលង​អធ្រាត្រ​ ថ្ងៃ​ទី០​៣ ខែវិច្ឆិកា ​ឆ្នាំ​២០២២ ប្តី​ប្រពន្ធ​ពីរ​នាក់​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ​មក​ពី​ទិញ​បន្លែ​យកទៅ​លក់​បន្ត ​ហើយ​​ត្រូវ​បាន​ក្រុម​ជនសង្ស័យ ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ពាយមិន​បានសម្រេច​ ​បណ្ដាល​ឲ្យ​រេចង្កូត​បុកទ្រូងផ្លូវ ទីតាំងទល់មុខ​មណ្ឌល​សុខភាព​ទឹកថ្លា​ ស្ថិតតាមបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ​។

ហេតុការណ៍៖ នៅ​មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​បើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​បន្លែ ​មួយ​គ្រឿង​ ​ទើប​មក​ពី​ទិញ​បន្លែ​នៅឯ​ផ្សារ​ព្រែក​អញ្ចា​យក​ទៅ​លក់​បន្ត​នៅ​ផ្សារ​ជម្ពូវ័ន ​បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ​ពី​កើតទៅលិច មកដល់ត្រង់ចំណុច​កើតហេតុ​ ស្រាប់​តែ​លេច​មុខ​ជនសង្ស័យ​ពីរ​នាក់ ​ជិះ​ម៉ូតូ០២គ្រឿង ​តាម​ពីក្រោយ​ជនរងគ្រោះ​ ។ បន្ទាប់មកជនសង្ស័យ​បាន​ធ្វើសកម្មភាព​ឆក់​កាបូប​ស្ពាយ​​​មិន​បាន​សម្រេច ធ្វើ​ឲ្យ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ជនរងគ្រោះ ​រេចង្កូត​ទៅ​បុក​ទ្រូង​ផ្លូវ ​ធ្លាក់​បន្លែ​ពីលើ​រ៉ឺម៉ក​រាយពេញ​ផ្លូវ​ និង​ជនរងគ្រោះ​រងរបួស​ រី​ឯ​ជនសង្ស័យ​បាន​នាំគ្នា​ជិះ​គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​បាត់​ស្រមោល ​។

នៅក្រោយ​ពេល​កើតហេតុ ​សមត្ថកិច្ច​​បាន​ចុះមក​អន្តរាគមន៍ ប៉ុន្តែជនរងគ្រោះមិនមានបាត់បង់ទ្រព្យរបស់អ្វីនោះទេ ហើយក៏បន្តដំណើរទៅមុខ ដើម្បីប្រញាប់ទៅលក់បន្លែ ៕​

មតិយោបល់