ព័ត៌មានជាតិ

ឌុបប្រពន្ធ ត្រទ្បប់ទៅផ្ទះឪពុកម្ដាយ តាមផ្លូវស្រាប់តែត្រូវចោរឆក់កាបូប

កណ្ដាល: កាលពីវេលាម៉ោង ១៧ និង៣០នាទីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ត្រង់ចំណុចភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ពេជ្រ ដាឡែន ភេទស្រីអាយុ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរលក់បាយ មានទីលំនៅ ភូមិប៉េប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យ០២ នាក់៖ ទី១.ឈ្មោះហួត មករាហៅប៊ី ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ បឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល (ឃាត់ខ្លួន) និងទី២.ឈ្មោះមិត្ត និមល ភេទប្រុសអាយុ១៨ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
-កាបូបយួរ ១ ដាច់ខ្សែយួរ១ចំហៀង
-ប្រាក់ក្នុង ៤០០,០០០៛
-ថ្មសាក ០១ ទូរស័ព្ទ១គ្រឿង (របស់ជនរងគ្រោះ)
– ម៉ូតូចំនួន០១គ្រឿងម៉ាក SUZUKI NEX2 ពាក់ផ្លាកលេខ កណ្ដាល1AD- 4306(របស់ជនសង្ស័យ ជិះធ្វើសកម្មភាព) ។

ដំណើររឿង៖ នាវេលាម៉ោង១៦ និង០០នាទីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ឈ្មោះ ខេង មករា ដែលជាប្តីជនរងគ្រោះ បានឌុបជនរងគ្រោះចេញពីផ្ទះបងប្អូន នៅឃុំកំពុងពពិល ស្រុកពារាំង ខេត្តព្រៃវែង ត្រឡប់មកផ្ទះឪពុកម្តាយខ្លួន នៅភូមិកណ្ដាល ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ។ ដោយនៅម៉ោង១៧ និង៣០នាទីថ្ងៃដដែល ជនរងគ្រោះ បានជិះម៉ូតូមកមុខក្លោងទ្វារវត្តបុទុមរង្សី ហៅវត្តតាមើមភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រាប់តែលេចមុខជនសង្ស័យឈ្មោះ ហួត មករា ជិះម៉ូតូម៉ាក SUZUKI NEX2 ឌុបជនសង្ស័យឈ្មោះ មិត្ត និមល មកតាមក្រោយ ហើយឆក់ធ្វើសកម្មភាព យកកាបូបយួរពីជនរងគ្រោះ រួចជិះម៉ូតូគេចខ្លួន ចូលទៅក្នុងវត្តព្រះប្រសប់។ ខណ:នោះ ជនរងគ្រោះបានស្រែកឆោឡោ និងជិះម៉ូតូដេញតាម ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់ ឃើញក៏ធ្វើការជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និងដកហូតវត្ថុតាងបានតែម្ដង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តតាមនីតិវិធី៕

មតិយោបល់