ព័ត៌មានជាតិ

នរណាទ្រាំបាន! ប្តីនាំស្រីស្នេហ៍មកដល់ផ្ទះប្រពន្ធទ្រាំមិនបានយកកូនកាំបិតចាក់សម្លាប់ភ្លាមៗ

ស្ទឹងត្រែង: ដោយសារតែភ្លើងប្រចណ្ឌទើបស្រ្តីម្នាក់ក្លាយជាឃាតករ ព្រោះយកកូនកាំបិត ចាក់សម្លាប់ប្តីខ្លួនឯង ដោយប្តីលួចលាក់មានស្រីក្មេង ហើយហ៊ាននាំមកផ្ទះដោយគ្មានខ្លាចចិត្តប្រពន្ធបន្តិចសោះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញាឆ្នាំ ២០២០ នៅចំណុចវាលរំពេរ ស្ថិតក្នុងភូមិការតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ស្រ្តីជនសង្ស័យមានឈ្មោះហួ តុំលីដា អាយុជាង ៣០ឆ្នាំ ស្នាក់នៅភូមិត្រពាំងព្រីង សង្កាត់ ក្រុងខេត្តស្ទឹងត្រែង។

ចំណែកសពជនរងគ្រោះជាប្តី ឈ្មោះម៉ុល ចាន់ ភេទប្រុស អាយុប្រហែលជាង ៣០ ឆ្នាំ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុននិងស្រ្តីជាប្រពន្ធហ៊ានយកកាំបិតចាក់បែបនេះ ដោយសារប្តីរបស់ខ្លួនបានទៅស្រឡាញ់នារីម្នាក់ទៀតនៅនៅឯខេត្តក្រចេះ ហើយនាំយកមកផ្ទះនៅភូមិកើតហេតុ ពេលនោះរូបគាត់ជាប្រពន្ធមកទាន់ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងរួច ឈានទៅដល់ចាក់សម្លាប់តែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ច័យទៅលើសពបានបញ្ជាក់ថា ជនរងគ្រោះត្រូវប្រពន្ធចាក់ចំនួន ៣កាំបិត កន្លែង ជិតចង្កេះ(កណ្តៀតក្អម ) និងបានស្លាប់នៅពេលបានបញ្ចូនទៅមន្ទីរពេទ្យបង្អែកខេត្ត។
បច្ចុប្បន្នសព បានប្រគល់ជូនទៅឪពុកម្តាយខាងប្តីយកទៅធ្វើបុណ្យទៅតាមប្រពៃណី ចំណែកស្ត្រីដៃដល់ជាប្រពន្ធ ត្រូវបាននាំខ្លួនយកមកអនុវត្តតាមនីតិវិធីច្បាប់៕

 

មតិយោបល់