ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌចំការមនឃាត់ខ្លួន និងដកហូតថ្នាំញៀនជាច្រើនគីឡូ

ភ្នំពេញ: កម្លាំងសមត្ថកិច្ចខណ្ឌចម្ការមន បានធ្វើឃាត់ជនសង្ស័យជនជាតិចិនម្នាក់ ដកហូតគ្រឿងញៀនជាច្រើនគីឡូផងដែរ ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ក្នុងបរិវេណកោះពេជ្រជិតអគារ (ដាមិនវ័ន្ត) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

សមត្ថកិច្ច បានដកហូត រថយន្តម៉ាកលុចស៊ីស GS300 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2W7669 មួយគ្រឿងព្រមទាំងថ្នាំញៀនក្រាមសថ្លា ប្រហែលជិត៤គីឡូក្រាម ថ្នាំប្រភេទហេរ៉ូអ៊ីនចំនួន១៤ដុំ លុយចំនួន៣០០ដុល្លារ និងទូរស័ព្ទដៃ១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចចម្រុះ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងច្បាប់ចរាចរណ៍នៅជិតស្ពានហង្សកោះពេជ្រ ហើយគាប់ជួនពេលនោះដែរ ក៏ស្រាប់តែរថយន្តម៉ាកលុចស៊ីស GS300 ពណ៌ខ្មៅមួយគ្រឿងបានបើកទម្លុះប៉ារ៉ាសសមត្ថកិច្ចបើករត់ចូលទៅក្នុងបរិវេណកោះពេជ្រហើយភ្លាមៗនោះដែរ កម្លាំងសមត្ថកិច្ចក៏បានដេញតាម រហូតមកដល់ជិតចំណុចខុនដូ ដាយមិនវ័ន្ត ក៏ស្រាប់តែសមត្ថកិច្ចបានឃើញមនុស្ស៤នាក់ ដោយមានស្រីមានប្រុសព្រមទាំងក្មេងបានយូរកាបូបមួយទៅ តែដោយភ័យស្លន់ស្លោពេក ក្រុមជនសង្ស័យទាំងនោះ ក៏បានបោះកាបូបចោលហើយនាំគ្នារត់គេចខ្លួនបាត់។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីឃើញសកម្មភាពបែបនេះ ហើយកម្លាំងសមត្ថកិច្ចក៏សហការជាមួយនិងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយ និងការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញបានធ្វើការឆែកឆេរក្នុងកាបូប ដោយមានឃើញក្រាមសថ្លាមួយថង់ខ្មៅទំងន់ ប្រហែលជិត៤គីឡូក្រាម លុយចំនួន៣០០ដុល្លារ ទូរសព្ទ័១គ្រឿង។

ក្នុងហេតុការណ៍នេះដែរ បន្តិចក្រោយមកកម្លាំងសមត្ថកិច្ចចម្រុះកំពុងតែធ្វើការឡោមព័ទ្ធជុំវិញកន្លែងកើតហេតុ ក៏ស្រាប់តែប្រទះឃើញបុរសជាជនជាតិចិនម្នាក់ នៅអគារមួយកន្លែងជិតមហោស្រពកោះពេជ្រ ដោយក្នុងដៃមានយួរថង់១ ហើយពេលនោះជនសង្ស័យដែលជាតិចិនពេលឃើញកម្លាំងសមត្ថកិច្ចចម្រុះក៏បានបោះថង់ចោល ហើយរត់គេចខ្លួនតែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានហើយធ្វើការឆែកឆេរ ក៏ស្រាប់តែរកឃើញនូវថ្នាំប្រភេទហេរ៉ូអ៊ីនចំនួន១៤ដុំ បន្ថែមទៀតផងដែរ។

ក្រោយពេលកើតហេតុបន្ទាប់ពីពិនិត្យ និងឆែកឆេររួចហើយវត្ថុតាងថ្នាំញៀនព្រមទាំងរថយន្តលុចស៊ីស GS300 មួយគ្រឿងរួមទាំងជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅអធិការនគរបាលខណ្ឌចម្ការមន ដើម្បីចាត់ការតាមនីតិវិធីជាបន្តទៀត៕

មតិយោបល់