ព័ត៌មានជាតិ

នាំខ្លួនអ្នកគ្រូពេទ្យ ដែលជាប់ពាក់ព័ន្ធនឹងករណីរំលូតកូន មកអាវុធហត្ថក្រុង

ភ្នំពេញៈ បន្ទាប់ពីផ្ទុះសង្គ្រាមពាក្យសម្ដីយ៉ាងតឹងសរសៃក រវាងអ្នកគ្រូពេទ្យ និងក្រុមការងារវិទ្យុ ABC រួចមក នៅមុននេះបន្តិច កម្លាំងកងរាជអាវុធហត្ថក្រុង រួមជាមួយក្រុមការងារវិទ្យុ ABC បាននាំខ្លួនអ្នកគ្រូពេទ្យ ហាប់ សានឡុង មកដល់បញ្ជាការកងរាជអាវុធហត្ថក្រុងភ្នំពេញហើយ នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ។

សូមរំឭកថា រយៈពេល២-៣ថ្ងៃកន្លងមកនេះ ស្រ្តីមានផ្ទៃពោះម្នាក់ បានតេចូលក្នុងវិទ្យុ ABC ថា រូបគាត់បានទៅឲ្យអ្នកគ្រូពេទ្យ ហាប់ សានឡុង ធ្វើការពិនិត្យផ្ទៃពោះ ដោយអ្នកគ្រូពេទ្យរូបនេះ ប្រាប់ថា កូនក្នុងផ្ទៃរបស់គាត់មានបញ្ហា ហើយគាត់(អ្នកគ្រូពេទ្យ) បានឲ្យលេបថ្នាំ រួចឲ្យត្រឡប់មកផ្ទះវិញ មិនបានប៉ុន្មានផង ស្រាប់តែរូបគាត់មានអាការៈមិនស្រួលខ្លួន ហើយកូនក្នុងផ្ទៃរបស់គាត់បានរលូតចេញមក។

ករណីនេះត្រូវបានគេដាក់បន្ទុកថា អ្នកគ្រូពេទ្យ ហាប់ សានឡុង អាចជាប់ចោទពីបទល្មើស បង្ខំរំលូតកូន ដោយកេងប្រវ័ញ្ចខុសវិជ្ជាជីវៈរបស់គ្រូពេទ្យ។ ទោះជាបែបនេះក្ដី Post News មិនអាចទំនាក់ទំនងសុំពន្យល់ពីខាងអ្នកគ្រូពេទ្យដែលរងការចោទប្រកាន់បានទេ។

បច្ចុប្បន្នអ្នកគ្រូពេទ្យ ត្រូវកម្លាំងកងរាជអាវុធហត្ថកំពុងធ្វើការសាកសួរ។ ពត៌មានបន្តទៀតយ៉ាងណាៗនោះ Post News នឹងផ្សាយនៅពេលក្រោយ៕

photo_2016-08-08_15-54-26photo_2016-08-08_15-54-29photo_2016-08-08_15-54-31photo_2016-08-08_15-54-34photo_2016-08-08_15-54-36photo_2016-08-08_15-54-38photo_2016-08-08_15-54-41photo_2016-08-08_15-54-43photo_2016-08-08_15-54-48photo_2016-08-08_15-54-50

មតិយោបល់