ព័ត៌មានជាតិ

បុរសម្នាក់ ផឹកស្រាស្រវឹងជោក វង្វេងស្មារតី ទៅដេកត្រាំទឹកនៅក្នុងស្រែ

ភ្នំពេញ: បុរសម្នាក់ ក្រោយពីស្រវឹងស្រាជោកជាំ ត្រូវបានគេប្រទះឃើញដេកត្រាំក្នុងទឹកស្រែ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បុរសខាងលើមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ មានអាយុជាង៤០ឆ្នាំ នៅក្នុងបាឡូ ឃើញមានខោអាវ រូបថត២សន្លឹក ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា រាល់ថ្ងៃគេឃើញ ដើរកាត់ក្នុងភូមិ ហើយស្រវឹងស្រារាល់តែថ្ងៃ ស្រាប់តែមកដល់ព្រឹកថ្ងៃទី២៥ នេះគេឃើញ បុរសរូបនេះ ដើរមានស្ពាយបាឡូ ក្នុងសភាពស្រវឹងស្រា តែគ្មានអ្នកណាចាប់អារម្មណ៍ លុះមកដល់វេលាម៉ោងខាងលើ ឃើញស្លឹកឈើរង្គើរ ៗ ដើរទៅមើល ស្រាប់តែប្រទះឃើញគាត់ដេកត្រាំទឹកស្រែទៅវិញ ។ បើតាមសន្និដ្ឋាន បុរសរូបនេះធ្លាក់ត្រាំងទឹកតាំងពីព្រឹកមកម៉្លេះ តែដោយសារបាំងស្លឹកឈើទើបគ្មានអ្នកចាប់អារម្មណ៍ ទម្រាំដឹងអស់ច្រើនម៉ោងទៅហើយ រួចនាំគ្នាស្រង់ឡើងគោក ។

បុរសស្រវឹងខាងលើត្រូវបានបងប្អូនប្រជាពលរដ្ឋហៅរករថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ៕

មតិយោបល់