កណ្តាលៈ បន្ទាប់ពីទទួលបានព័ត៌មានដែលក្រុមការប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដកស្រង់ចេញពីបណ្តាញសង្គមហ្វេសប៊ុក និងបានដាក់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្តាលពិនិត្យអន្តរាគមន៍នោះ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចនគរបាលស្រុកពញាឮ ខេត្តកណ្តាល នាំខ្លួនឪពុកដែលប្រព្រឹត្តអំពើហិង្សា ដោយបានយកខ្សែក្រវាត់វាយ លើកូនស្រីបង្កឲ្យមានរបួស នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។
អំពើហិង្សានេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៣និង៣០នាទី ស្ថិតក្នុងភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកពញាឮ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ គឹម ខាយ អាយុ ៣៥ឆ្នាំ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ខា លក្ខិណា អាយុ ១៧ឆ្នាំ ។ ជនសង្ស័យនិងកូនស្រី មានទីលំនៅភូមិស្រះពោធិ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
នៅថ្ងៃកើតហេតុ ក្មេងស្រីរងគ្រោះឈ្មោះ ខា លក្ខិណា បានជិះម៉ូតូម៉ាក Icon ពណ៌ក្រហម លាយ ខ្មៅ ដឹកប្អូនស្រីឈ្មោះ ខា ស្រីនុត អាយុ ៣ឆ្នាំ ទៅរកប្តីនៅម្តុំដីក្រហម កន្លែងតង់ខៀវ ស្ថិតក្នុងភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ។
ក្នុងពេលនោះជនសង្ស័យឈ្មោះ គឹម ខាយ បានដើររកជនរងគ្រោះជាកូនបង្កើត ខណៈនោះដែរជនសង្ស័យបានឃើញជនរងគ្រោះកំពុងពរប្អូនឈ្មោះ ខា ស្រីនុត នៅម្តុំកែងផ្លូវបេតុងចូលភូមិស្រះពោធិ៍ ឃុំភ្នំបាត ។ ស្របពេលនោះជនសង្ស័យបានដេញឲ្យជនរងគ្រោះពរប្អូន និងយកម៉ូតូទៅផ្ទះ ។ ប៉ុន្តែជនរងគ្រោះមិនព្រមទៅ ស្រាប់តែជនសង្ស័យជាឪពុកខឹងបានហូតយកខ្សែក្រវាត់ពីចង្កេះ វាយទៅលើជនរងគ្រោះ ត្រូវចំកែងដៃខាងស្តាំ១ខ្សែក្រវាត់ និងចំកំភួនជើងខាងឆ្វេង១ក្រវាត់ បណ្តាលឲ្យមានរបួសស្នាម ។
ក្រោយមកសមត្ថកិច្ចបានទទួលព័ត៌មានថា មានករណីឪពុកវៃកូន ក៏ចុះទៅកន្លែងកើតហេតុ ធ្វើការនាំខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីធ្វើការសាកសួរ និងបន្តចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់