ព័ត៌មានជាតិ

ប្រទះឃើញសាកសពស្រ្តីម្នាក់ លួចឆ្លងទឹកអូរព្រំដែនខ្មែរ-ថៃ បណ្តាលឲ្យលង់ទឹកបាត់ខ្លួន

ប៉ៃលិន: នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ដ្រីម្នាក់ដែលលួចហែលឆ្លងទឹកអូរកាត់ព្រំដែនកម្ពុជា-ថៃ បណ្តាលឲ្យលង់ទឹកស្លាប់បាត់ខ្លួន ប្រទះឃើញសាកសព នៅចំណុចដីចម្ការក្រូចមួយកន្លែង ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅមាត់ស្ទឹងជាប់ដីថៃ ។

សាកសពស្រ្តីរងគ្រោះឈ្មោះ សេង ស្រីម៉ៅ អាយុ៤១ឆ្នាំ រស់នៅភូមិស្វាយមាស ឃុំកណ្តុរជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រីឯប្តីឈ្មោះ ឆោ ឆេង អាយុ៤១ឆ្នាំ និងកូនស្រីម្នាក់ឈ្មោះ ឆេង ដាណេត អាយុ១៥ឆ្នាំ។

ដំណើររឿង៖ នៅវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ មានស្ត្រីខ្មែរម្នាក់បានលង់ទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅអូរមួយកន្លែងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ស្ថិតនៅត្រង់ចំណុចអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុលសាលាក្រៅ ខេត្តប៉ៃលិន ជាប់នឹងស្រុកពោណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ក្នុងខេត្តប៉ៃលិន ។ មានគ្រួសារពលករខ្មែរ៣នាក់ បានលួចឆ្លងដែនពីប្រទេសថៃ ចូលមកទឹកដីកម្ពុជាតាមច្រករបៀង ហើយបានចុះដើរកាត់ទឹកអូរ ដែលកំពុងជន់និងហូរយ៉ាងខ្លាំងនោះ បណ្តាលឲ្យទឹកហូរកួចនាំស្រ្តីម្នាក់យកទៅបាត់ ។
ពួកគេត្រូវជាម្តាយ ឪពុក និងកូន។ ដោយបានលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា ស្ត្រីជាម្តាយហែលឆ្លងអូរមិនផុត ត្រូវលង់ទឹកបាត់ខ្លួន ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចខេត្តបានចុះទៅដល់ទីតាំងខាងលើ ដើម្បីស្វែងរកជនរងគ្រោះ តែរកមិនឃើញ ។ រហូតមកដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ ទើបប្រទះឃើញសាកសពស្រ្តីរងគ្រោះ ហើយបានប្រគល់ជូនក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់