ព័ត៌មានជាតិ

ម៉ូតូវៀតណាម ឌុបគ្នា៤នាក់ បោលបុកឡានកំពុងបត់ រងរបួសទាំងអស់គ្នា

កំពង់ឆ្នាំង: យុវជន៣នាក់ និងនារីម្នាក់ បានជិះម៉ូតួមួយគ្រឿង ឌុបគ្នា៤នាក់ បើកបរលឿនជ្រុលបុករថយន្តមកពីមុខក្នុងទិសច្រាសគ្នា បើកបត់ឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់-ស្រាលទាំងអស់គ្នា កាលពីម៉ោង១៖៤៥រសៀល ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៥ ចំណុចផ្លូវខ្វែងជា៤ ជាប់ផ្ទះសំណាក់ផ្កាយព្រឹក ក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

នគរបាលក្រុងកំពង់ឆ្នាំង ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ឃ៨១៩៤ ភព២ បើកបរក្នុងទិសដៅពីជើងទៅត្បូងច្រាសទិសគ្នា ដល់ចំណុចផ្លូវខ្វែងជា៤ ក្នុងចំណុចខាងលើ ក៏បានបើកបត់ឆ្វេង ខណ:នោះដែរ មានម៉ូតូ១គ្រឿងម៉ាក ស្មាស់រីវូ ពណ៌ខ្មៅ ជិះគ្នា៤នាក់ បានបើកបរមកពីក្រោយក្នុងទិសច្រាសគ្នាក្នុងល្បឿនយ៉ាងលឿន ជាន់ហ្វ្រាំងមិនទាន់ ក៏បានបុករថយន្តពេញទំហឹងតែម្តង បណ្តាលឲ្យអ្នកជិះម៉ូតូទាំង៤នាក់ ដួលត្រឡប់ត្រឡិនរបួសធ្ងន់២នាក់ និងស្រាល២នាក់។

សមត្ថកិច្ចបានបន្ដទៀតថា ជនរងគ្រោះទាំង៤នាក់ គឺជាជនជាតិវៀតណាម ទាំងអស់ ១ឈ្មោះ ចាំង យ៉ាំងថា អាយុ១៩ឆ្នាំ ជាអ្នកបើកបររបួសធ្ងន់ បាក់ឆ្អឹងដងកាំបិត ចាក់ចំក និងបាក់ឆ្អឹងជំនី១ទៀត (មិនសង្ឃឹមរស់) ២ឈ្មោះ ឡេង យ៉ាំងញី អាយុ១៨ឆ្នាំ របួសធ្ងន់ ៣ឈ្មោះ ឡេង យ៉ាំងអ៊ុក អាយុ២០ឆ្នាំ របួសស្រាល និង៤ឈ្មោះ ឡេង យ៉ាំងមួយ ភេទស្រី អាយុ១៧ឆ្នាំ របួសស្រាល។ ពួកគេទាំង៤នាក់ រស់នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានទុករថយន្តចោល ចុះរត់គេចបាត់ខ្លួន ចំណែកជនរងគ្រោះទាំង៤នាក់ ត្រូវបានរថយន្តពេទ្យដឹកយកមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង៕

DSC05221

DSC05222

DSC05224

DSC05225

DSC05228

DSC05235

មតិយោបល់