មណ្ឌលគិរីៈ បុរសម្នាក់ និងសត្វក្របី សាកកម្លាំងគ្នាមួយប្រាវ ស្លាប់ទាំងមនុស្ស និងក្របី កាលពីវេលាម៉ោង៨៖១០នាទី យប់ថ្ងៃទី៧ ខែសីហានេះ នៅលើដងផ្លូវជាតិលេខ៧៦A ចម្ងាយប្រមាណជា១០ម៉ែត្រ មុខសាលាសង្កាត់រមនា ស្ថិតនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
សាក្សីនៅកន្លែងកើតហេតុការណ៍ ឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូចេញពីក្នុងទីរួមខេត្ត តាមដងផ្លូវជាតិលេខ៧៦A សំដៅទៅផ្ទះរបស់ខ្លួន ស្រាប់មកដល់ក្បែរផ្ទះក៏ជួបហេតុការណ៍ដ៏អាក្រក់នេះតែម្តង។ ប្រភពបន្ដទៀតថា មុនពេលកើតហេតុ បុរសជាម៉រដំរី បានមកផឹកស៊ីនៅទីរួមខេត្តហូបចុករួច ក៏បានធ្វើដំណើរមកផ្ទះវិញ ពេលមកជិតដល់ផ្ទះក៏អ្នកភូមិបានលឺសំឡេងបុកគ្នា លាន់ស្នូរខ្លាំងដូចរន្ទះ ពេលនោះ ផ្អើលអ្នកភូមិចេញនាំគ្នាចោមរោមមើលហេតុការណ៍នោះ ឃើញមនុស្សបានស្លាប់ និងក្របីឈ្មោលមួយក្បាលក៏បានងាប់នៅនឹងកន្លែង។
សមត្ថកិច្ចប៉ុស្តិ៍សង្កាត់រមនា ឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ ចិន ហាប់ ភេទប្រុស អាយុ២៣ឆ្នាំ ជាជនជាតិព្នង មានទីលំនៅក្នុងភូមិកើតហេតុខាងលើ មានមុខរបរជាអ្នកដឹកជញ្ជូនភ្ញៀវទេសចរណ៍តាមរយៈសត្វដំរី ។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកបើតាមប្រភពពីអ្នកភូមិនៅទីនោះ បានឲ្យដឹងថា ក្របីងាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ គឺម្ចាស់ក្របីធ្វើការប្រគល់ក្របីឲ្យគ្រួសារសពសម្រាប់ចាត់ចែងបុណ្យសព រីឯសំណងប៉ះប៉ូវគ្នាទៅតាមផ្លូវច្បាប់ចរាចរណ៍៕
មតិយោបល់