ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីក្លែងបន្លំខ្លួនជាសមត្ថកិច្ចនគរបាលជាតិ

ភ្នំពេញ: ជនសង្ស័យម្នាក់ដែលក្លែងបន្លំខ្លួនជាសមត្ថកិច្ចនគរបាលជាតិ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ជនសង្ស័យម្នាក់ឈ្មោះ ប៉ាង កាក់ទិការ (សម្បត្តិ សក្កដា ) ហៅ ឆាង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ដែលបានក្លែងបន្លំធ្វើជាសមត្ថកិច្ចនគរបាលជាតិ ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួននៅចំណុចផ្លូវកម្ពុជាក្រោម កែងផ្លូវ២៥៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក នឹងបានរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការនៅថ្ងៃនេះ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់ ដោយចោទប្រកាន់ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណ: (ស្លៀកសម្លៀកបំពាក់ឯកសណ្ឋាននគរបាលជាតិ និងកងរាជអាវុធហត្ថ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ តាំងពីឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន។

តាមការស្រាវជ្រាវរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរកឃើញថា មានជនសង្ស័យម្នាក់បានបង្កើតគណនីហ្វេសបុកក្លែងក្លាយមួយដែលដាក់ឈ្មោះ ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមក ក្រុមការងារបានរកឃើញថា ជនម្នាក់នេះមិនត្រឹមតែលួចបង្កើតហ្វេសបុកក្លែងក្លាយបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ ថែមទាំងបានក្លែងបន្លំខ្លួនធ្វើជាសមត្ថកិច្ចនគរបាលជាតិទៀតផង។

បន្ទាប់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្រាវជ្រាវបានព័ត៌មានគ្រប់គ្រាន់ ក្រុមការងារបានធ្វើការសហការផ្តល់ព័ត៌មានដល់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់នេះដែលមានឈ្មោះ ប៉ាង កាក់ទិការ ដើម្បីរៀបចំសំណុំឯកសារបញ្ជូនបន្តទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

វត្ថុតាងដែលសមត្ថកិច្ចបានរឹបអូសបានរួមមាន៖
-វិទ្យុទាក់ទងម៉ូតូរ៉ូឡា ម៉ាក GP ៣៣៨ ចំនួន ០៥ គ្រឿង និងឆ្នាំងសាកវិទ្យុទាក់ទងចំនួន ០៤
-ទូរស័ព្ទដៃម៉ាកអាយហ្វូន៦ផ្លឹស ចំនួន ០១ គ្រឿង
-ខ្នោះដៃ ចំនួន ០៣ គូ និងស្រោមខ្នោះ ចំនួន ០១
-អាវឈុតពណ៌អាចម៍សេះ មានឈ្មោះ វ.ទោ សម្បត្តិ សកក្កដា អត្តលេខ ៥០០៩១ ចំនួន ០១ កំផ្លេ
-អាវពណ៌ទឹកដោះគោ មានស្លាកសម្គាល់នគរបាលព្រហ្មទណ្ឌ មានផ្លាកឈ្មោះ សម្បត្តិ សកក្កដា អត្តលេខ ១០៤៦០១ ចំនួន ០២ កំផ្លេ
-អាវធំ ពណ៌ខ្មៅ មានឡូហ្គូនគរបាលព្រហ្មទណ្ឌ ចំនួន ០១
-អាវយឺតដៃខ្លី ពណ៌អាចម៍សេះ មានសញ្ញា នប POLECE ចំនួន ០១
-អាវុធខ្លីជ័រ ពណ៌ខ្មៅ ចំនួន ០១ ដើម និង ស្រោមអាវុធខ្លី ចំនួន ០១
-ដាវដែកមានស្រោម ចំនួន ០១ ដើម
-ដំបងហូតដែក ចំនួន ០១
-មួកនគរបាលចំនួន ០៤
-ខ្សែក្រវ៉ាត់សាំងទារ៉ុង ពណ៌ត្រេអ៊ី ចំនួន ០១
-សក្តិថ្នាក់វរសនីយ៍ទោ ចំនួន ០១ គូ និងថ្នាក់វរសនីយ៍ឯក ចំនួន ០១ គូ

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់