ភ្នំពេញ: រថយន្តធុនធំមួយគ្រឿង បើកបុកម៉ូតូនិចកិនស្លាប់បុរសម្នាក់ ហើយជ្រុលទៅបុករ៉ឺម៉កម៉ូតូកង់បីក្រឡាប់ផ្ងារជើងឡើង ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១យប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវវេងស្រេង ទល់មុខក្លិប មិតណាយ ដែលស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ កង សុភ័ក្ត ភេទប្រុស អាយុ១៦ឆ្នាំ មានស្រុកកំណើត នៅភូមិក្តុល ឃុំរំចង់ ស្រុកសំរោងទង ខេត្តតាកែវ,ជិះម៉ូតូម៉ាក និច ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ1M-7343 បើកក្នុងទិសដៅពីលិចទៅកើតជិះម្នាក់ឯង។
តាមប្រភពព័ត៌មានពីអ្នកបើកម៉ូតូកង់បី ដែលក្រឡាប់ខាងលើ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះត្រូវរថយន្តធុនធំបើកបរក្នុងទិសដៅពីលិចទៅកើតស្របជាមួយជនរងគ្រោះ ដោយរថយន្តធុនធំខាងលើ បុកម៉ូតូកិនជនរងគ្រោះហើយបានបុកម៉ូតូកង់បីរបស់គាត់ នឹងបណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើតែម្តង។
ហើយតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងជិះម៉ូតូម៉ាក និច ពណ៌ខ្មៅ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះបានបុកម៉ូតូកង់បីបណ្តាលឲ្យដួលហើយ ត្រូវបានរថយន្តធុនធំមួយគ្រឿង មិនចាំម៉ាកនឹងផ្លាកលេខបើកក្នុងទិសដៅពីលិច ទៅកើត ហើយបានកិនជនរងគ្រោះចំពាក់កណ្ដាល ផ្នែកខាងលើពេញទំហឹង បណ្តាលឲ្យបែកក្បាលខ្ទាតខួរ នឹងថ្លើមរាយប៉ាយពេញផ្លូវហើយរថយន្តបង្កខាងលើ បានបើកជ្រុលទៅបុករ៉ឺម៉កម៉ូតូកង់បី បណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយតៃកុងរ៉ឺម៉កម៉ូតូកង់បីរងរបួសស្រាល ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបន្តទៀតថា ខណៈពេលភ្លាមៗនោះ រថយន្តបង្កខាងលើបានបើករត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ បានទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ហើយបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញ មកវាស់វែងយកម៉ូតូជនរងគ្រោះ ព្រមទាំងម៉ូតូកង់បីយកទៅរក្សាទុក ដើម្បីរង់ចាំស្រាវជ្រាវបន្ត ចំណែកសពគ្រួសារមិនទាន់មកទទួលយកទៅធ្វើបុណ្យ សមត្ថកិច្ចឲ្យរថយន្តដឹក យកទៅតម្កល់នៅវត្តទឹកថ្លា៕
មតិយោបល់