ភ្នំពេញៈ មកទល់ពេលនេះ នៅមិនមានទិន្នន័យណាមួយបញ្ជាក់ថា ករណីបង្ហោះរូបអាក្រាតរបស់តារាចម្រៀងនាងវ៉ាន់ នីឡា ប្អូនស្រីលោកសុខ ជំនោរ ឈានដល់ត្រឹមណាទាល់តែសោះ។ ប្រភពពីខាងមន្ត្រីក្រសួងមហាផ្ទៃ បានត្រឹមតែថា នឹងធ្វើការបញ្ជូនសំណុំរឿងរបស់នាងទៅកាន់តុលាការប៉ុណ្ណោះ ប៉ុន្តែចំពោះកាលបរិច្ឆេទក៏មិនច្បាស់លាស់ ហើយភាគីខាងសាមីខ្លួនក៏ហាក់បិទបាំងនូវលទ្ធផលផ្លូវការធ្វើឲ្យមហាជនមិនអស់ចិត្ត។
កញ្ញាវ៉ាន់ នីឡា ដែលត្រលប់មកពីសម្ដែងនៅក្នុងប្រទេសអូស្រ្តាលី ធ្លាប់បានបញ្ជាក់ថា រឿងរ៉ាវរបស់នាងគឺបានប្រគល់សិទ្ធិឲ្យមេធាវីដោយនាងជាអ្នកចាត់ការ ទើបចំពោះលទ្ធផលនាងនៅមិនទាន់ដឹង។ មិនខុសគ្នាដែរ លោកសុខ ជំនោរ ជាបងប្រុសរមែងបដិសេធមិនផ្ដល់លេខមន្ត្រីដែលធ្វើការលើពាក្យបណ្ដឹងនោះដើម្បីឲ្យមានការសម្ភាសន៍ដោយផ្ទាល់ជាមួយនឹងអ្នកកាសែតនោះទេ ខណៈដែលលោកហេង ឡុង ជាស្វាមីមិនទាន់រៀបការរបស់អ្នកនាងចន ច័ន្ទលក្ខិណា ដែលជាអ្នកផ្ដល់មេធាវីឲ្យវ៉ាន់ នីឡា ក៏បានបញ្ជាក់ថា មេធាវីដែលចេញមុខជួយនាងគឺមិនទាន់ចង់សម្ភាសន៍។ ការលើកឡើងរបស់ភាគីទាំង៣ ត្រូវគេមើលឃើញថាខុសគ្នាទាំងស្រុងពីករណីដាក់ពាក្យបណ្ដឹងរបស់ពិធីការិនីនាងសាសា ក្នុងពេលប្ដឹងចោទលោកឧកញ៉ាសុខ ប៊ុន កាលពីមុន ដែលទាំងឪពុករបស់នាង ទាំងមន្ត្រីកាន់ពាក្យបណ្ដឹង និងរួមទាំងសាមីខ្លួនផង គឺផ្ដល់សម្ភាសន៍ឲ្យអ្នកកាសែតបានដឹងពីលទ្ធផលនៃការប្ដឹងផ្ដល់មិនមានចន្លោះ បើទោះជារឿងផ្ដល់សំណងបញ្ចប់រឿងចុងក្រោយ ត្រូវបានលាក់បាំងបន្ដិច។
អ្នកតាមដានជាច្រើនកំពុងយល់ថា ករណី មួយនេះត្រូវគេកប់ចោល ដោយសារតែអតីតសង្សាររបស់នាងដែលជាប់ពាក់ព័ន្ធគឺជាកូនប្រុសសំណព្វចិត្តរបស់មន្ត្រីមានផ្កាយពាក់លើស្មាររបស់ក្រសួងមហាផ្ទៃ។ មកទល់ពេលនេះ នៅតែមានដំណឹងថាភាគីខាងសង្សាររបស់នាងមិនទាន់ចូលខ្លួនមកបំភ្លឺតាមការកោះអញ្ជើញរបស់មន្ត្រីក្រសួងមហាផ្ទៃនោះទេ ទើបមានការងឿងឆ្ងល់កាន់តែខ្លាំង នៅពេលភាគីខាងដើមបណ្ដឹងក៏មិនចង់បញ្ចេញពីលទ្ធផលនៃ ការតាមដានដើម្បីពន្លឿនលើករណីបណ្ដឹងរបស់ខ្លួន។
លោកសុះ ម៉ាច ប្រធានសមាគមធ្លាប់បានបញ្ជាក់ថា ក្រោយការបញ្ជូនលិខិតអន្តរាគមន៍ពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តបតាមការប្រគល់លិខិតថ្កោលទោសពីតារាសិល្បៈ មន្ត្រីក្រសួងធ្លាប់បានបញ្ជាក់ថា ពាក្យបណ្ដឹងរបស់នាងនឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅអំឡុងពាក់កណ្ដាលខែកក្កដា បើទោះជាអតីតសង្សាររបស់នាងចូលខ្លួនមកបំភ្លឺ ឬមិនបំភ្លឺ។ គាប់ជួនជានាងវ៉ាន់ នីឡា ប្រកាសដោយចំហរថាមិនទទួលយកការសម្រុះសម្រួល គឺគួរតែ ពាក្យបណ្ដឹងរបស់នាងធ្លាក់ដល់ដៃតុលាការ ប៉ុន្តែបែរជាខាងសាលាដំបូងបញ្ជាក់ថាមិនមានឃើញលិខិតនោះ។ មហាជនទាំងមូលនៅតែរង់ចាំមើលពីលទ្ធផលនៃរឿងដ៏ចម្រូងចម្រាស់នេះ ជាពិសេសបន្ទាប់ពីអតីតសង្សាររបស់នាងត្រូវបានទម្លាយថាមានជាប់ពាក់ព័ន្ធនឹងរឿងឆបោកបន្ថែមទៀត។ ម្នាក់ៗចង់ឲ្យវ៉ាន់ នីឡា និងលោកសុខ ជំនោរ មានការបើកចំហរលើការប្ដឹងផ្ដល់នេះ ដើម្បីឲ្យអ្នកឈឺឆ្អាលអស់ចិត្ត។ ប៉ុន្តែនាពេលកន្លងមក ធ្លាប់បានបញ្ជាក់ថាខ្លួនសុំមិននិយាយពាក់ព័ន្ធនឹងរឿងនោះទេ ដើម្បីកុំឲ្យខុសនិតិវិធីរបស់សមត្ថកិច្ច៕
មតិយោបល់