ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់រថយន្ត ១១គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ៧តោន ដល់ ១៩តោន នៅខេត្តបាត់ដំបង

នៅថ្ងៃសៅរ៍ ១រោច ខែអស្សុជ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំផ្ទាល់ដោយ ឯកឧត្តម ឯក រដ្ឋ និង លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន និងសហការការដោយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើផ្លូវជាតិលេខ ៥៧ លើទីតាំង៖
• ទីតាំងចល័តត្រង់ចន្លោះ PK02-03 ក្នុងឃុំអូរដំបង១ ស្រុកសង្កែរ ខេត្តបាត់ដំបង
• ទីតាំងដើមទីត្រង់ PK21 ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង

ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារត្រួតពិនិត្យរថយន្តដឹក ស៊ីម៉ង់ ថ្ម ខ្សាច់ ដែក គ្រឿងទេស និងទំនិញផ្សេងៗទៀត ចំនួន ៥១គ្រឿង និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ១១គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ៧តោន ដល់ ១៩តោន។ រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ទាំងនោះបានធ្វើការផាកពិន័យ និងធ្វើកិច្ចសន្សាដោយអនុលោមតាមច្បាប់ផ្លូវថ្នល់មាត្រាទី៦០។

សូមក្រុមហ៊ុនផ្គត់ផ្គង់ សហគ្រាស និងម្ចាស់រថយន្តដឹកជញ្ជូនទាំងអស់ចូលរួមសហការដោយធ្វើការដឹកជញ្ជូនតាមច្បាប់កំណត់ ដើម្បីថែរក្សាផ្លូវជាតិឲ្យបានយូរអង្វែង និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

មតិយោបល់