កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃអាទិត្យ៩រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦.៣០នាទីមានករណីលង់ទឹក(ស្លាប់)នៅចំណុច:ក្នុងរណ្តៅស្រែស្ថិតនៅក្នុងភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ចាន់ សុខគា ភេទប្រុស អាយុ ៧ឆ្នាំ រស់នៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុនៅថ្ងៃទី១១.១០.២០២០ វេលាម៉ោង ១៥:៣០នាទី ជនរងគ្រោះនៅលេងដីក្បែរផ្ទះម្នាក់ឯងជាធម្មតា លុះដល់វេលាម៉ោង១៦:០០នាទីម្តាយជនរងគ្រោះបានទៅងូតទឹកប្រឡាយខាងលិចភូមិពេលនោះស្រាប់តែជនរងគ្រោះ រត់តាមប៉ុន្តែម្តាយជនរងគ្រោះមិនអោយទៅតាមគាត់ទេ រួចគាត់បានដេញអោយកូនត្រឡប់មកផ្ទះវិញថែមទាំងយកដុំដីគប់ជនរងគ្រោះទៀតផង ដោយឃើញជនរងគ្រោះចូលផ្ទះហើយម្តាយក៏ទៅងូតទឹកបាត់ទៅ មួយសន្ទុះក្រោយមកស្រាប់តែមានក្មេងក្បែរផ្ទះមកប្រាប់ថាជនរងគ្រោះលង់ទឹក បន្ទាប់មកក្រុមគ្រួសារបានចុះរាវរកឃើញជនរងគ្រោះ ហើយបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកឃុំបឹងខ្យាង ពេលទៅដល់គ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍មកសមត្ថកិច្ចហើយសមត្ថកិច្ចបានបង្កើតគណៈកម្មកាពិនិត្យរួមមាន៖ កម្លាំងជំនាញស្រុក កម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលរដ្ឋាននិងគ្រូពេទ្យចុះមកដល់ផ្ទះជនរងគ្រោះ
ធ្វើការពិនិត្យទៅលើសាកសព៖ តាមការសន្និដ្ឋានរបស់ជំនាញនិងគ្រូពេទ្យសពពិតជាបានស្លាប់ដោយសារការលង់ទឹក ហើយពុំមានស្លាកស្នាមអី្វគួរអោយកត់សម្គាល់ឡើយ។
ក្រោយពីពេលពិនិត្យរួចបានប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់