បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃទី១៤ខែតុលា ឆ្នាំ ២០២០ ដោយសារទឹកជំនន់លិចពន្ធនាគារខេត្តបន្ទាយមានជ័យ មានអ្នកជាប់ឃុំដែលត្រូវជម្លៀសចេញពីពន្ធនាគារ ទៅដាក់នៅពន្ធនាគារខេត្តចំនួន០៣ខេត្ត ក្នុងនោះ ខេត្តកំពង់ធំ,ខេត្តឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ ដែលមានអ្នកជាប់ឃុំចំនួន៧៧៩នាក់ ដោយប្រើប្រាស់កំកម្លាំងអង្គភាពអន្តរាគមន៍ កម្លាំងនាយកដ្ឋានសណ្តាបធ្នាប់ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនគរបាលខេត្ត កម្លាំងអគ្គនាយកដ្ឋានពន្ធនាគារ និងអនុរក្សពន្ធនាគារខេត្ត និងកងរាជអាវុធហត្ថខេត្ត ដើម្បីធានាបានសុវត្ថិភាព ។
លោកឧត្តមសេនីយ៍ទោ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី១៤ខែតុលាឆ្នាំ២០២០នេះថា៖ ដោយសារកត្តានៃល្បឿនទឹកឡើងជន់លិចយ៉ាងគំហុកតាំងពីថ្ងៃទី១៣ខែតុលាឆ្នាំ២០២០ម្សិលមិញនេះ យើងបានប្រើប្រាស់នូវវិធានការសរុប មធ្យោបាយសរុប និងកម្លាំងសរុប ត្រូវតែបង្ខំចិត្តជម្លៀសអ្នកទោសចេញពីពន្ធនាគារខេត្តទៅរកទីសុវត្ថិភាពនៅខេត្តមួយចំនួន ។
លោកឧត្តមសេនីយ៍ទោបន្តថា ជាក់ស្តែងដំណាក់កាលទី០១ គឺនៅថ្ងៃទី១៣ ខែតុលាម្សិលមិញ យើងបានជម្លៀសចេញអ្នកជាប់ឃុំចំនួន៨១១នាក់ ក្នុងនោះស្រី៨៥នាក់ និង កុមារនៅតាម ម្តាយចំនួន០៧នាក់ ទៅ ខេត្តសៀមរាប ហើយនៅថ្ងៃទី១៤ ខែតុលា ដោយទឹកជំនន់បន្តជន់លិចបន្ថែមទៀត យើងបន្តជម្លៀសអ្នកជាប់ឃុំ ចំនួន៧៧៩នាក់ ទៅរកកន្លែងសុវត្ថិភាព ក្នុងនោះបញ្ជូនទៅពន្ធនាគារខេត្តឧត្តរមានជ័យ ចំនួន២០០ នាក់, ខេត្តកំពង់ធំ ចំនួន២០០នាក់ និងបញ្ជូនទៅពន្ធនាគារ(ម៣ ត្រពាំងផ្លុង)ខេត្តត្បូងឃ្មុំ ចំនួន៣៧៩នាក់ ។
លោកប្រធានពន្ធនាគារខេត្ត បានបញ្ជាក់ថា៖ ក្នុងការជម្លៀសចេញនេះ គឺមានការយកចិត្តទុកដាក់ពីអគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានពន្ធនាគារ សហការការពារសន្តិសុខ សុវត្ថិភាព ក្នុងការដឹកជញ្ជូនអ្នកជាប់ឃុំ ទៅដល់គោលដៅនីមួយៗ ដូចមានកម្លាំងអង្គភាព អន្តរាគមន៍ កំលាំងនាយកដ្ឋាន សណ្តាបធ្នាប់ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ , កម្លាំងអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ,កម្លាំងនគរបាលខេត្តនិងកងរាជអាវុធហត្ថខេត្តផងដែរ ៕
មតិយោបល់