ព័ត៌មានជាតិ

រយៈពេល​មួយ​ថ្ងៃ​ លង់ទឹក​ស្លាប់​០៥​នាក់​ ឆក់​ខ្សែភ្លើង​ស្លាប់​០១​នាក់​ និង​រន្ទះបាញ់​ងាប់​គោ​០១​ក្បាល​ នៅ​ខេត្តបន្ទាយមានជ័យ​

បន្ទាយ​មាន​ជ័យ:​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យ៉ាង​ហោ​ណាស់​ក៏​មាន​មនុស្ស​ក្មេង​ចាស់​ចំនួន​៥​នាក់​បាន​ស្លាប់​ដោយសារ​លង់ទឹក​ នៅ​ទីកន្លែង​ដោយឡែក​ពី​គ្នា​ ម្នាក់​ទៀត​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​ និង​សត្វ​គោ​០១​ក្បាល​ត្រូវ​រន្ទះបាញ់​ ដែល​ករណី​នេះ​កើតឡើង​នៅ​ខេត្តបន្ទាយមានជ័យ​ ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២០​ ។​

​ ​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា​៖

​ករណី​ទី​០១/-​នៅ​វេលា​ម៉ោង​ ១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២០​ មានឈ្មោះ​ម៉​ន​ វួ​ន​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ជា​មនុស្ស​សតិ​មិន​ប្រក្រតី​ នៅ​ភូមិ​ក្បាលស្ពាន​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​ បាន​ផឹកស្រា​ស្រវឹង​ចុះ​ងូតទឹក​កំពុង​ឡើង​ជន់​ បណ្តាល​ឲ្យ​លង់​ស្លាប់​ ។​

​ករណី​ទី​០២/-​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់​ ក្មេង​ប្រុស​ឈ្មោះ​ ឈៀ​ មង្គល​ អាយុ​០៦​ឆ្នាំ​ នៅ​ភូមិ​ភូមិ​ព្រះ​ស្រែ​ ឃុំ​តា​ឡំ​ ស្រុក​មង្គល​បូ​រី​ បាន​លង់ទឹក​ស្លាប់​ ខណ:​ទៅ​លេង​ទឹក​ហូរ​ ។​

​ករណី​ទី​០៣/-​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ ថ្ងៃ​ទី​១៥​ ខែតុលា​ ម្តាយ​និង​កូន​២​នាក់​បាន​លង់ទឹក​ស្លាប់​នៅ​ចំណុច​អាង​គ្រុឌ​ ។​ ដំបូង​មានឈ្មោះ​ សន​ ស្រី​អឿ​ង​ ភេទ​ស្រី​ អាយុ​១៦​ឆ្នាំ​(​ត្រូវជា​កូន​)​ នៅ​ភូមិ​ព្រៃវែង​ ឃុំ​គំរូ​ ស្រុក​ថ្មពួក​ បាន​ដើរ​ឆ្លង​ទឹក​ហូរ​ទៅ​បេះ​ម្ទេស​ ពេល​នោះ​ក៏​រអិល​ជើង​ដួល​បណ្តាល​ទឹក​ហូរ​កួច​ឃើញ​ដូច្នេះ​ម្តាយ​ឈ្មោះ​ លី​ន​ សាង​ អាយុ​៤២​ឆ្នាំ​ បាន​ចុះ​ទៅ​ជួយ​ត្រូវ​បាន​លង់​ស្លាប់​ទាំង​០២​នាក់​ ។​

​ករណី​ទី​០៤/-​ នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី​ ថ្ងៃ​ទី​១៥​ ខែតុលា​ ក្មេង​ស្រី​ឈ្មោះ​ វិ​ន​ មេ​សា​ អាយុ​០១​ឆ្នាំ​០៤​ខែ​ នៅ​ភូមិ​ម៉ក់​ហ៊ឺ​ន​ ឃុំ​កូប​ ស្រុក​អូរ​ជ្រៅ​ បាន​លង់ទឹក​ស្លាប់​ ខណ:​ប្រុស​អាយុ​១១​ឆ្នាំ​ នាំ​មក​លេង​នៅ​មុខ​ផ្ទះ​ ។​ តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយសារ​លង់ទឹក​ ចាប់ពី​មាន​ទឹកជំនន់​មក​ទល់​ថ្ងៃ​ទី​១៥​ ខែតុលា​ បាន​កើនឡើង​១១​នាក់​ហើយ​។​

​របាយការណ៍​បាន​បង្ហាញ​ទៀត​ថា​៖​ នៅ​វេលា​ម៉ោង​១៦​និង​០០​នាទី​ ថ្ងៃ​ទី​១៥​ ខែតុលា​ មាន​ភ្លៀង​ធ្លាក់​លាយឡំ​និង​ផ្គរ​រន្ទះ​ បាន​បាញ់​ត្រូវ​សត្វ​គោ​១​ក្បាល​បណ្តាល​ឲ្យ​ងាប់​ភ្លាមៗ​ ខណ:​កំពុង​ដើរ​ស៊ី​ខ្មៅ​ នៅ​ចំណុច​ភូមិ​ស្ទឹង​ ឃុំ​រលួស​ ស្រុក​ស្វាយចេក​ ។​

ដោយឡែក​ នៅ​វេលា​ម៉ោង​០៨​យប់​ថ្ងៃ​ទី​១៥​ខែតុលា​ឆ្នាំ​២០២០​ មានឈ្មោះ​នី​ ណុ​យ​ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ នៅ​ភូមិ​ទ្រ​លោក​លិច​ ឃុំ​ភ្នំ​លៀប​ ស្រុក​ព្រះនេត្រព្រះ​ បាន​ឆក់​ចរន្ត​អគ្គី​ស​នី​ស្លាប់​ ខណ:​ពេល​ជន​រង​គ្រោះ​ដើរទៅ​ផ្ទះបាយ​បើក​កុងតាក់​ភ្លើង​ ប៉ះ​ចំ​ខ្សែភ្លើង​ដាច់​ បណ្តាល​ឲ្យ​ឆក់​ស្លាប់​ខណ:​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ៕

មតិយោបល់