ព័ត៌មានជាតិ

បងប្អូនប្រយ័ត្ន! មន្រ្តីជំនាញរកឃើញ ពពុះសណ្តែក មីកញ្ចប់ ទឹកដោះគោស្រស់ មានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់

កណ្តាលៈ យោងតាមផេក​ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា​ នៅថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល ដោយមានការសហការពីមន្ទីរពាណិជ្ជខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងធ្វើការត្រួតពិនិត្យផលិតផលម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ នៅផ្សាររកាកោង ស្ថិតនៅឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនដូចជា៖ ពពុះសណ្តែក មីលឿង មីស្លឹកតើយ និងអំបិល ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងម្ហូបអាហារមានផ្ទុកសារធាតុគីមីហាមឃាត់ រួមមាន៖
– ពពុះសណ្តែក មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax) ចំនួន ៦ គីឡូក្រាម
– ទឹកដោះគោជូរ ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៦ យួរ ស្មើនឹង ៣ គីឡូក្រាម
– មីកញ្ចប់ ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៤៦ កញ្ចប់ ស្មើនឹង ៦.៦ គីឡូក្រាម
– ទឹកដោះគោស្រស់ ចំនួន ៣ កំប៉ុង ស្មើនឹង ១.៥ លីត្រ
– ម៉្សៅតែគុជ ហួសកាលបរិច្ឆេទ ចំនួន ១១ កញ្ចប់ ស្មើនឹង ១១ គីឡូក្រាម
សរុបទំនិញដកហូតបានប្រមាណ ២៨.១ គីឡូក្រាម។

បន្ទាប់មកមន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មកដុតកម្ទេចចោលនៅទីតាំងដុតសំរាមក្នុងឃុំរកាកោង។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់