ព័ត៌មានជាតិ

បញ្ជូនខ្លួន ជនសង្ស័យ ចំនួន៥នាក់ ទៅតុលាការពាក់ព័ន្ធ ករណីជួញដូរថ្នាំញៀន

បាត់ដំបងៈ កម្លាំងការិយាល័យប្រឆាំង គ្រឿងញៀន ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៦នេះ បានបញ្ជូនខ្លួនជនសង្ស័យ ចំនួន៥នាក់ តុលាការពាក់ព័ន្ធ ក្នុងករណីជួញដូរថ្នាំញៀន ដោយខុសច្បាប់។

លោកស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបានប្រាប់ឲ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង អន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងបានចុះប្រតិបត្តការ បង្ក្រាបនិងឃាត់ខ្លួន ជនសង្ស័យពាក់ព័ន្ធ ទៅនឹងករណីជួញដូរថ្នាំញៀន ក្នុងបទល្មើសជាក់ស្ដែង បានចំនួន៣នាក់ កាលពីវេលាម៉ោង២២-៤៥នាទីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិអូរចារ សង្កាត់អូចារ ក្រុងបាត់ដំបង។

ជនសង្ស័យត្រូវបានឃាត់ខ្លួនមាន៖ ទី១ឈ្មោះ កែវ លីហេងភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី២ឈ្មោះស្រេង ម៉ារ៉ាឌី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី៣ឈ្មោះភួង សុគន្ធា ហៅខួច ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

វត្ថុតាងដកហូត បានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន៧កញ្ចប់=១៧-៨៤ក្រាម ទូរស័ព្ទដៃ ចំនួន៣គ្រឿង ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀន លក់ចំនួន១គ្រឿង ដែកកេះចំនួន៤និងសម្ភារៈកែច្នៃសំរាប់ជក់និងវិចខ្ចប់ថ្នាំញៀន លក់មួយចំនួនទៀត។

ដោយឡែក អធិការស្រុកកំរៀងឃាត់ខ្លួន បានចំនួន២នាក់ ក្នុងបទល្មើសជាក់ស្ដែង កាលពីវេលាម៉ោង១១:០០នាទី កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចក្រុមទី១៤ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ជនសង្ស័យត្រូវបានឃាត់ខ្លួន ទី១ឈ្មោះសាយ រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្រុមទី១៤ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ទី២ឈ្មោះហៀង សុខន ហៅង៉ោល ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ដកហូតបានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (យ៉ាម៉ាwy)ចំនួន៤គ្រាប់ និងប្រភេទ ម្សៅក្រាមពណ៌ស ចំនួន១កញ្ចប់តូចផងដែរ។

បច្ចុប្បន្នជនសង្ស័យ ទាំង៥នាក់ ខាងលើរួមនិងវត្ថុតាងថ្នាំញៀន ត្រូវបានការិយាល័យ ប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងនិង បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៦ ដើម្បីចាត់ការបន្ត ទៅតាមផ្លូវច្បាប់ ៕

photo_2016-08-15_13-31-19photo_2016-08-15_13-31-20photo_2016-08-15_13-31-21photo_2016-08-15_13-31-22 (2)photo_2016-08-15_13-31-22photo_2016-08-15_13-31-24photo_2016-08-15_13-31-25photo_2016-08-15_13-31-26

មតិយោបល់