ព័ត៌មានជាតិ

ក្រសួងនឹងបញ្ចូនមន្រ្ដីជំនាញវ័យក្មេង ទៅសិក្សាបន្ថែមនៅក្រៅប្រទេស

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងថា ចាប់ពីឆ្នាំ២០១៦នេះតទៅ ក្រសួងនឹងរៀបចំជ្រើសរើសបញ្ចូនមន្រ្ដីរាជការវ័យក្មេងឲ្យទៅបន្ដការសិក្សានៅក្រៅប្រទេស លើជំនាញបច្ចេកទេសប្រព័ន្ធផ្សព្វផ្សាយវិទ្យុ ទូរទស្សន៍ ដើម្បីឆ្លើយតបតម្រូវការធនធានមនុស្សលើវិស័យព័ត៌មាននៅកម្ពុជា។

លោក រដ្ឋមន្រ្ដីបានបញ្ជាក់នៅក្នុងសិក្ខាសាលាស្ដីពីមូលដ្ឋានគ្រឹះ នៃការប្រើប្រាស់សម្លេង និងពន្លឺ ដើម្បីផលិតកម្មវិធីទូរទស្សន៍ នៅថ្ងៃនេះថា ការងារនេះ ក្រសួងគ្រោងនឹងអនុវត្ដន៍បញ្ជូនមន្រ្ដីរាជការវ័យក្មេងទៅសិក្សាលើជំនាញបច្ចេកទេស ប្រព័ន្ធផ្សព្វផ្សាយវិទ្យុ ទូរទស្សន៍ តាមបណ្ដាប្រទេសដែលជាដៃគូសហប្រតិបត្ដិការជាមួយ ក្រសួងព័ត៌មាន ដូចជាប្រទេសកូរ៉េ ចិន និងប្រទេសជប៉ុនជាដើម។

លោករដ្ឋមន្ត្រី បញ្ជាក់ទៀតថា ដោយសារនៅកម្ពុជា បច្ចុប្បន្ននៅមិនទាន់មានវិទ្យាស្ថានសោតទស្សន៍ ដូច្នេះជំហានដំបូងត្រូវបញ្ចូនមន្រ្ដីជំនាញទៅបណ្ដុះបណ្ដាលនៅក្រៅប្រទេសជាមុនសិន បន្ទាប់ពីបញ្ចប់ការសិក្សារួចពួកគេអាចយកចំណេះដឹងទាំងនោះ មកប្រើប្រាស់តាម ជំនាញបច្ចេកទេស ដើម្បីលើកកម្ពស់សមត្ថភាព និងគុណភាពនៅតាមអង្គភាពរបស់ខ្លួន។

លោករដ្ឋមន្រ្ដី បានបន្ថែមថា ចាប់ពីឆ្នាំ២០១៦នេះតទៅ មន្រ្ដីរាជការក្រសួងព័ត៌មានដែលទើបប្រឡងជាប់លើជំនាញភាសាបារាំង ភាសាចិន និងភាសាវៀតណាម នឹងបញ្ចូនទៅធ្វើការនៅតាមស្ថានីយ៍វិទ្យុទាំងអស់នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងសមត្ថភាពផ្នែកភាសាឲ្យបានកាន់តែស្ទាត់ជំនាញទាំងការសរសេរ និងការបកប្រែភាសា។ ក្រៅពីនេះ មន្រ្ដីវ័យក្មេងដែលទើបជាប់ក្របខ័ណ្ឌក្នុងឆ្នាំនេះ ក៏ត្រូវរៀបចំបញ្ចូនទៅសិក្សានៅក្រៅប្រទេស ចាប់ពីរយៈពេល១-២ឆ្នាំ និងរយៈពេល៤ឆ្នាំ ដើម្បីជ្រើសរើសជំនាញបច្ចេកទេសឲ្យបានកាន់តែរឹងមាំ និងច្បាស់លាស់ ខណៈពេលបញ្ចប់ការសិក្សាត្រឡប់មកវិញ ទៅបម្រើការងារនៅកន្លែងដើមវិញ និងជួយបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ក្រោយឲ្យកាន់តែប្រសើរថែមទៀត។

លោករដ្ឋមន្ត្រីក៏បានមានប្រសាសន៍កត់សម្គាល់ឃើញថា ដើម្បីប្រកួតប្រជែងលើវិស័យសោតទស្សន៍ និងស្របតាមស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ ដែលមានទូរទស្សន៍ច្រើនកំពុងតែប្រកួតប្រជែងនៅលើទីផ្សារនោះ ទូរទស្សន៍ជាតិកម្ពុជា ដែលជាទូរទស្សន៍របស់រដ្ឋ ក៏ត្រូវពង្រឹងធនធានមនុស្ស បច្ចេកទេសស្ទីឌីយោ មានសំឡេង ពន្លឺ និងជំនាញបច្ចេកទេសផ្សេងៗ ដើម្បីធ្វើការទាក់ទាញសាធារណជនឲ្យបន្ដការគាំទ្រកាន់តែច្រើនឡើង។

លោក Sharadindoo Sadho ជាអ្នកជំនាញមកពីអគ្គលេខាធិការដ្ឋានអាស៊ាន បានលើកឡើងថា បច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា មានការរីកមច្រើន និងកើនឡើងគួរឲ្យកត់សម្គាល់ទាំងទូរទស្សន៍ វិទ្យុ និងផ្នែកអនឡាញក្ដី ដែលធ្វើឲ្យទស្សនិកជន ក៏ដូចជាប្រជាជនកម្ពុជា មានជម្រើសច្រើន ក្នុងការតាមដាននូវព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយ។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ក្រោមកិច្ចសហប្រតិបត្ដិការនៃការអនុវត្ដគម្រោងកម្មវិធី ASEAN Spotlight TV រវាងក្រសួងព័ត៌មាន និងអគ្គលេខាធិការដ្ឋានអាស៊ាន ដើម្បីលើកកម្ពស់សមត្ថភាព ជំនាញបច្ចេកទេសលើការផលិតកម្មវិធីទូរទស្សន៍ និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ស្របតាមបរិបថក្នុងតំបន់៕

photo_2016-08-09_14-52-16photo_2016-08-09_14-52-18

មតិយោបល់