ព័ត៌មានជាតិ

សិស្សមកពីវិទ្យាល័យ Bloriacum College mathaland ស្វែងយល់ពីវិស័យសំខាន់នៅកម្ពុជា

ភ្នំពេញៈ ក្រុមសិស្សានុសិស្ស និងសាស្រ្តាចារ្យ នៃវិទ្យាល័យ Bloriacum College mathaland នៃប្រទេសហូឡង់ បានមកបំពេញទស្សនកិច្ចសិក្សារយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីលើវិស័យសំខាន់ៗ ដូចជា វិស័យសិក្សាធិការ វប្បធម៌ បរិស្ថាន សុខាភិបាល និងព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។

មានប្រសាសន៍នៅក្រោយជំនួបជាមួយជាមួយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែសីហា នាទីស្តីការក្រសួងព័ត៌មាន លោកស្រីសាស្រ្តាចារ្យ Els Hovens ជាអ្នកដឹកនាំក្រុមប្រតិភូ បានឲ្យដឹងថា ដើម្បីផ្លាស់ប្តូរវប្បធម៌ បទពិសោធន៍ និងសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក ព្រមទាំងអាចជួយគ្នាក្នុងនាមមនុស្សជាតិដែលរស់នៅលើភពផែនដី តាមរយៈ ឃ្លុបប៊ល អិចស្ពើរេហ្សិន បានបង្កើតកម្មវិធីនេះឡើង និងដើម្បីឲ្យមនុស្សបានរៀនសូត្រអំពីខ្លួនឯង និងជាតិសាសន៍ដទៃផង។

លោកស្រីបន្តថា ការដែលគណៈប្រតិភូនៃវិទ្យាល័យ Bloriacum College mathaland មកជួបជាមួយរដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃនេះ គឺចង់ដឹងអំពីការរីកចម្រើនលើវិស័យបរិស្ថាន សុខាភិបាល វប្បធម៌ អប់រំ និងកីឡា នៅក្នុងប្រទេសកម្ពុជា។ លោកស្រីមើលឃើញថា វិស័យទាំងនេះ ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ និងគិតគូរយ៉ាងខ្លាំង ពិសេសបរិស្ថាន អប់រំ និងកីឡា ដែលសិស្សអាចចូលរៀនដោយឥត់បង់ថ្លៃ ចាប់ពីមតេយ្យរហូតដល់ថ្នាក់ទី៩។ សម្រាប់វិស័យព័ត៌មានវិញ ពិតជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ប៉ុន្តែយ៉ាងណា ក៏នៅមានភាពខុសគ្នារវាងទីក្រុង និងជនបទ ពីការបំពុលបរិស្ថាន សុខភាព អនាម័យ ក៏ដូចជាការអប់រំ ដែលទាមទារឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ជំរុញបន្ថែមទៀត នៅតាមទីជនបទដាច់ស្រយ៉ាល។

លោក ខៀវ កាញារីទ្ធ បានចាត់ទុកដំណើរទស្សនកិច្ចរបស់សិស្សានុសិស្ស និងសាស្រ្តាចារ្យ នៃប្រទេសហូឡង់ នៅកម្ពុជា ពិតជាមានសារសំខាន់ ពួកគេបានស្វែងយល់កាន់តែច្បាស់អំពី វប្បធម៌ ទំនាមទំលាប់ ការអប់រំ និងសេរីភាពនៅក្នុងប្រទេសកម្ពុជា។ លោកបានពន្យល់ថា កម្ពុជា មានស្ថានីយ៍ទូរទស្សន៍ជាង១០ ស្ថានីយ៍ទូរទស្សន៍តាមអ៊ីធើណេត២ និងមានវិទ្យុជាង១០០ ហើយអ្វីដែលសំខាន់ គឺគ្មានការត្រួតពិនិត្យជាមុនលើការចេញផ្សាយព័ត៌មាន ហើយជនបរទេស និងជនជាតិកម្ពុជា គឺមានសិទ្ធិក្នុងការបង្កើតកាសែត ពិសេសគឺគ្មានការដាក់ពន្ធនាគារលើការបញ្ចេញមតិនោះទេ។

លោករដ្ឋមន្រ្តីក៏បានជម្រាបទៀត អំពីការលើកកម្ពស់សិទ្ធិកុមារ សិទ្ធិនារី និងជនពិការ ក្នុងការចូលបម្រើការងារជាមន្រ្តីរាជការនៅតាមក្រសួងមន្ទីរ និងស្ថាប័ននានារបស់រដ្ឋ ក៏ដូចជាវិស័យឯកជនមួយចំនួនទៀតផង។

លោករដ្ឋមន្រ្តីបញ្ជាក់ថា អ្វីដែលជាចម្ងល់របស់គេទាំងសាស្រ្តាចារ្យ ក៏ដូចជាសិស្សានុសិស្ស លោកបានធ្វើការពន្យល់ឲ្យពួកគេបានយល់កាន់តែច្បាស់ លើការគ្រប់គ្រងបរិស្ថាន ការកែច្នៃសំរាមទៅជាជីកំប៉ុស្ត ដើម្បីឲ្យមានអនាម័យ និងបរិស្ថានល្អទាំងនៅទីក្រុង និងទីជនបទ ពិសេសការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៥នេះ ដើម្បីពង្រីកធនធានមនុស្ស ក៏ដូចជាបង្កើនទាំងគុណភាព និងប្រសិទ្ធភាព៕

photo_2016-08-09_15-08-05photo_2016-08-09_15-08-07photo_2016-08-09_15-08-09photo_2016-08-09_15-08-11photo_2016-08-09_15-08-13

មតិយោបល់