ព័ត៌មានជាតិ

ករណីបង្ក្រាបជនជាតិចិន ៤នាក់ បាញ់រះជាច្រេីនគ្រាប់ ករណីប៉ុនប៉ងមនុស្សឃាត

ព្រះសីហនុៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២២ ខែតុលា​ ឆ្នាំ២០២០ វេលាម៉ោង២:០០នាទីរំលងអធ្រាត្រ មានប្រជាពលរដ្ឋបានប្តឹងរាយការណ៍តាមរយៈប្រព័ន្ធហតឡាញ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថាមានជនជាតិចិន ៤នាក់ ជិះរថយន្ត១គ្រឿង ម៉ាក HUMMER ពណ៌ស បានដកអាវុធខ្លី ១ដើម បាញ់រះជាច្រើនគ្រាប់ចូលទៅក្នុងហាងចាក់សាក់ជនជាតិចិនមួយកន្លែង នៅចំណុចមហោស្រពចាស់ ស្ថិតនៅក្រុមទី៤ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ បណ្តាលឲ្យរបួសបុរសជនជាតិចិន២នាក់ (១នាក់របួសដៃ និង១នាក់ទៀតរបួសជើង) បន្ទាប់ពីធ្វើសកម្មភាពបាញ់រះរួចមក ជនសង្ស័យបានជិះរថយន្តគេចខ្លួនបាត់។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអន្តរា គមន៍ពិសេស កម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងប៉ុស្តិ៍នគរបាលទាំង៤ ធ្វើការស្ទាក់និងដេញប្រផាត់ប្រភីង រហូតដល់ចំណុចឆ្នេរឯករាជ្យ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យទាំង៤នាក់ បានចុះពីរថយន្ត រត់ថ្មើរជើងកាត់តាមបណ្តោយឆ្នេរឯករាជ្យ ហើយក៏ត្រូវកម្លាំងសមត្ថកិច្ចយើងចាប់ខ្លួនបានតែម្តង។ ជនរងគ្រោះទាំង២នាក់៖
១-ឈ្មោះ CHANG JINLONG ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ EE2471751 មុខរបរ បើកហាងចាក់សាក់ ស្នាក់នៅក្រុមទី៤ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ រងរបួសត្រូវដើមដៃខាងឆ្វេង១គ្រាប់ (ធ្លាយ)។
២-ឈ្មោះ CHA YON BING ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន (យកទៅបន្តវីសារ) មុខរបរបើកហាងលក់ស្លឹកតែ ស្នាក់នៅក្រុមទី៤ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ រងរបួស ត្រូវប្រអប់ជើងខាងឆ្វេង១គ្រាប់ (ចំបញ្ឆិត)។
ជនសង្ស័យទាំង៤នាក់៖
១-ឈ្មោះ HUANG XIAO HU ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរមិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារ ហាវឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះ សីហនុ ។
២-ឈ្មោះ QIAN SHI CAI ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរមិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារ ហាវឆឹង ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះ សីហនុ ។
៣-ឈ្មោះ CHENG YOU WEN ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ ប្តូរប្រាក់ ស្នាក់នៅសណ្ឋាគារ ហាវឆឹង ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះ សីហនុ ។
៤-ឈ្មោះ YIN YA GIANG ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរបុគ្គលិកកាស៊ីណូ ហាវឆឹង ផ្នែក សេវាកម្មបំរើអតិថិជន ស្នាក់នៅសណ្ឋាគារ ហាវឆឹង ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបាន អាវុធខ្លី១ដើម ម៉ាកCZ-75 (លេខរលុប) បង់១ និងគ្រាប់កាំភ្លើងចំនួន២០គ្រាប់។ រថយន្ត១គ្រឿង ម៉ាក HUMMER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-7260 ។
មូលហេតុដោយសារ ជនសង្ស័យឈ្មោះ HUANG XIAO HU បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ដែលជាប្អូនស្រីរបស់ជនរងគ្រោះឈ្មោះ CHANG JINLONG នឹងបានអារដៃខ្លួនឯងបណ្តាលឲ្យរងរបួសចូលមន្ទីរពេទ្យ​ ហេីយបុរសជាប្ដីមិនបានមកមេីល​ ក៏នាំឲ្យបងថ្លៃខឹងសម្បារនឹងដេញកាប់គ្នា​ ហេីយរហូតឈានដល់ការបាញ់រះដូចនេះ។
ចំពោះអាវុធខ្លី ១ដើម ម៉ាក CZ-75 (លេខរលុប) ដែលជនសង្ស័យយកធ្វើសកម្មភាព គឺបានទិញពីបុរសជនជាតិខ្មែរម្នាក់ មិនស្គាល់អត្តសញ្ញាណ (យើងកំពុងស្រាវជ្រាវ) ក្នុងតំលៃ ២,៨០០$ (ពីរពាន់ប្រាំបីរយដុល្លារអាមេរិក) ។
ករណីនេះកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី។

មតិយោបល់