ព័ត៌មានជាតិ

សង្វេគណាស់! ឪពុកម្តាយទៅធ្វើការ ទុកកូនឲ្យប្អូនជួយមើល ស្រាប់តែលង់ទឹកស្លាប់

ភ្នំពេញៈ ក្មេងប្រុសម្នាក់ បន្ទាប់ពីឪពុកម្តាយ ទុកឲ្យប្អូនជួយមើល ស្រាប់តែទៅលេងទឹកខាងក្រោយផ្ទះ បណ្តាលឲ្យលង់ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពក្មេងរងគ្រោះឈ្មោះ ស៊ីវ វិសាល មានអាយុ១៣ខែជាកូនទី៥ក្នុងបន្ទុកគ្រួសារ។ ឪពុកឈ្មោះ ស្វាយ គឹមស៊ន អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅទីតាំងកន្លែងកើតហេតុ និងម្តាយឈ្មោះ ជា សុភា អាយុ៤០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅទីតាំងកន្លែងកើតហេតុ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ឪពុកម្តាយក្មេងរងគ្រោះ បានចេញទៅធ្វើការងារដូចសព្វដង ដោយទុកកូនឲ្យប្អូនជួយមើលថែ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុ ដោយបាត់ក្មេងរងគ្រោះមិនឃើញ ក៏នាំគ្នាដើររក ស្រាប់តែប្រទះឃើញសពអណ្តែតទឹកបាត់ទៅហើយ រួចក៏នាំគ្នាស្រង់និងសង្រ្គោះ តែជាអកុសលក្មេងរងគ្រោះស្លាប់បាត់ទៅហើយ ណាមួយដោយគ្រួសារមានការខ្វះខាត ទើបគ្រួសារនេះសម្រេចចិត្តយកសពកូនទៅរៀបចំចាត់ចែង ធ្វើបុណ្យនៅក្នុងវត្តគោកខ្សាច់។

ក្រោយកើតហេតុ ទើបរាយការណ៍ដល់អាជ្ញាធរ មានសមត្ថកិច្ចចុះពិនិត្យកោសល្យវិច្ច័យ រួចទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅចាត់ចែងតាមប្រពៃណី ៕

មតិយោបល់