បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សាកសពបុរសវ័យចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញនៅក្បែរទូករបស់ខ្លួនមិនដឹងមូលហេតុ នៅចំណុចអាង កណ្តោល ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ វេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ។
ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រឿង ពន្លក ភេទប្រុស អាយុ ៦៤ឆ្នាំ មានទីលំនៅភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ នៅមុនពេលកើតហេតុជនរងគ្រោះបានអុំទូកម្នាក់ឯងទៅច្រូតស្មៅឲ្យគោស៊ី នៅចំណុចអាងកណ្តោល ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
ប្រភពដដែលបានបញ្ជាក់ថា តាមសំដីរបស់ប្រជាពលរដ្ឋនៅអាងកណ្តោល ក៏ដូចជាប្រជាពលរដ្ឋឈ្មោះ អឿន កំសត់ ភេទប្រុស អាយុ៣៨ឆ្នាំ ជាកសិករ បាននិយាយរៀបរាប់ថា មុនពេលជនរងគ្រោះស្លាប់ពួកគាត់បានឃើញជនរងគ្រោះកំពុងច្រូតស្មៅម្នាក់ឯងនៅក្នុងអាង លុះរយៈពេល០១ម៉ោងក្រោយក៏ស្រាប់តែបាត់គាត់ ។
ដោយមានការសង្ស័យឈ្មោះ អឿន កំសត់ ដែលរាយសន្ទូចនៅក្បែរនោះ ក៏ស្រែកហៅមិត្តភ័ក្តិម្នាក់ទៀតដើរទៅមើលក៏ឃើញជនរងគ្រោះឈរស្លាប់ទ្រោបជាប់នឹងស្មៅក្បែរទូក បន្ទាប់មកក៏នាំគ្នាលើកសពដាក់លើទូកយកសពមកលើគោក ។
នគរបាលបានសន្និដ្ឋានថា ជនរងគ្រោះជាមនុស្សមានវ័យចំណាស់ ដូច្នេះអាចគាត់ធ្វើការហួស កម្លាំងខ្យល់គ បណ្តាលឲ្យលង់ទឹកស្លាប់ ។សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើតាមប្រពៃណី ។
គួរបញ្ជាក់ជូនថា នៅខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលនៃទឹកជំនន់មកទល់នឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បើយោងតាមរបាយការណ៍របស់សាលាខេត្តបានបង្ហាញថា មានប្រជាពលរដ្ឋលង់ទឹកស្លាប់ ចំនួន២៦នាក់ ។ បើគិតមកទល់នឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ កើនម្នាក់ទៀតឡើងដល់ចំនួន២៧នាក់ ដែលក្នុងនោះ ក្រុងសិរីសោភ័ណ ០៤នាក់, ក្រុងប៉ោយប៉ែត ចំនួន០៤នាក់,ស្រុកអូរជ្រៅចំនួន០២នាក់, ស្រុកស្វាយចេក ចំនួន០៣នាក់, ស្រុកព្រះនេត្រព្រះ ចំនួន០៣នាក់, ស្រុកថ្មពួកចំនួន០៣នាក់, ស្រុកភ្នំស្រុក០១នាក់, ស្រុកមង្គលបូរី០៣នាក់ និងស្រុកម៉ាឡៃ ចំនួន០៤នាក់ សរុបត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ មានចំនួន២៧នាក់ ៕
មតិយោបល់