ព័ត៌មានជាតិ

មេភូមិជិះម៉ូតូឌុបប្រពន្ធ បុកឆ្កែរត់កាត់ផ្លូវថ្នល់ ជ្រុលចង្កូតបុកដើមអម្ពិលទឹកពេញទំហឹង បណ្តាលឲ្យប្តីស្លាប់ ប្រពន្ធរបួសធ្ងន់

បន្ទាយមានជ័យ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មេភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក បានស្លាប់ និងប្រពន្ធរបួសធ្ងន់ ខណ:ពេលដែលជិះម៉ូតូឌុបគ្នា ទៅបុកឆ្កែឆ្លងថ្នល់ជាតិ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥៦A នៅខាងត្បូងសាលាបឋមសិក្សាតាម៉ា ភូមិតាម៉ា សង្កាត់ម្នាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ឲ្យដឹងថា ជនរងគ្រោះជាមេភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក មានឈ្មោះ ឡែ ចយ ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិឯកភាព ឃុំគំរូ ស្រុកថ្នពួក ខេត្តបន្ទាយមានជ័យ ឯប្រពន្ធមានឈ្មោះ មាស នី អាយុ៥១ឆ្នាំ រងរបួសធ្ងន់ត្រង់ដៃ និងក្បាល ត្រូវបានបញ្ជូនទៅសម្រាកព្យបាលនៅគ្លីនិចនាគព័ន្ធ ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ។

លោកអធិការវរសេនីយ៍ឯកស៊ី ឌី បានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ផ្លាកលេខប.មានជ័យ១B-១៦២២ ជិ:ឌុបគ្នា ពីជើងទៅត្បូងទៅទិញនំ ផ្លែឈើនៅផ្សារក្រុងសិរីសោភ័ណ ដើម្បីយកទៅលក់ក្នុងសាលារៀនវិទ្យាល័យថ្មពួកពេលបើកម៉ូតូដល់ចំណុចកើតហេតុ មានសត្វឆ្កែ០១ក្បាលរត់កាត់ផ្លូវ ស្របពេលនោះម៉ូតូបានបុកឆ្កែរួច ម៉ូតូបានជ្រុលចង្កូត ទៅបុកដើមអំពិលទឹកក្បែរថ្នល់ពេញទំហឹង បណ្តាលឲ្យប្តីស្លាប់ និងប្រពន្ធរងរបួសធ្ងន់ បាក់ កដៃខាងឆ្វេងនិងក្បាល។

ក្រោយពីកើតហេតុជនរងគ្រោះជាប្តីត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពម្កាក់និងបានបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ តែមិនអាចជួយបានដោយករណីរបួសធ្ងន់ធ្ងរក៏បានបាត់បង់ជីវិត ចំណែកឯប្រពន្ធកំពុងសម្រាកព្យាបាល ។ ចំណែកម៉ូតូ ត្រូវបានប្រជាពលរដ្ឋ លើកយកចេញពីកន្លែងកើតហេតុ ក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ម្កាក់ បានយកមករក្សាទុកបណ្តោះអាសន្ន ចាំប្រគល់ឲ្យក្រុមគ្រួសារមកទទួលយក៕

មតិយោបល់