ព័ត៌មានជាតិ

រថយន្តដឹកជនជាតិវៀតណាមឆ្លងដែនខុសច្បាប់ក្រឡាប់ធ្លាក់ទឹកនៅស្រុកជីក្រែងស្លាប់៧នាក់រងរបួសស្រាល៥នាក់

សៀមរាប: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នាវេលាម៉ោង២និង៤០នាទីទៀបភ្លឺថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំនុចស្ពានក្រចាប់ ចន្លោះគីឡូម៉ែត្រលេខ២៤៦–២៤៧ ស្ថិតនៅភូមិ ស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍(រថយន្តក្រឡាប់ធ្លាក់ចូលទឹក) បណ្តាលឲ្យស្លាប់មនុស្ស ចំនួន០៧នាក់ស្រី០៣នាក់ រងរបួសស្រាលចំនួន០៥នាក់ស្រី០២នាក់(វៀតណាម១១ស្រី០៥–ខ្មែរ០១)។
ក្រោយកើតហេតុសមត្ថកិច្ចយើងបានចុះអន្តរាគមន៍ ពិនិត្យឃើញថា ជនជាតិវៀតណាម ទាំង១១នាក់នេះសុទ្ធសឹងតែលួចឆ្លងដែនចូលមកព្រះរាជាណាចក្រកម្ពុជាដោយគ្មានការអនុញ្ញាតិ(មានលិខិតឆ្លងដែន–គ្មានប្រថាប់ត្រាច្រកទ្វារ)។
លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន្ត ស្នងការរងទទួលការងារផែនអន្តោប្រវេសន៍បានឲ្យដឹងថា ៖ ពួកគេរស់នៅខេត្តហាទិញប្រទេសវៀតណាម ត្រូវបានមេខ្យល់ម្នាក់មិនស្គាល់ឈ្មោះ ជនជាតិវៀតណាម ណែនាំឲ្យទៅធ្វើការ រកសុី នៅប្រទេសថៃ ដោយលួចឆ្លងដែនពីប្រទេសវៀតណាម ចូលមកកម្ពុជា និងបន្តទៅប្រទេសថៃ ប៉ុន្តែត្រូវចំណាយប្រាក់ចំនួន ១៥,០០០,០០០ ដុងក្នុងម្នាក់ៗ។រហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពួកគេក៍បានធ្វើដំណើរពីខេត្តហាទិញ មកកាន់ក្រុងហាណូយ។
ពេលមកដល់មេខ្យល់ម្នាក់នោះបានមកទទួលពួកគេទៅស្នាក់នៅសណ្ឋាគារមួយកន្លែងមិនចាំឈ្មោះ បន្ទាប់មកពួកគេក៏បានប្រគល់ប្រាក់ចំនួន ១,៥០០,០០០ ដុងក្នុងម្នាក់ៗឲ្យទៅមេខ្យល់នោះ។
បន្ទាប់ពីទទួលបានលុយគ្រប់ចំនួនហើយ នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ មេខ្យល់នោះក៍បានឲ្យរថយន្តមួយគ្រឿងដឹកពួកគេមកដល់ខេត្តតៃនិញ នាវេលាម៉ោង១៩:០០នាទី ហើយក៍មានម៉ូតូចំនួន០៦គ្រឿងរង់ចាំទទួលនិងដឹកពួកគេលួចឆ្លងដែនចូលមកព្រះរាជាណាចក្រកម្ពុជា ដោយធ្វើដំណើរកាត់តាមចម្ការកៅស៊ូ (ម៉ូតូទាំង០៦គ្រឿងនោះបិទភ្លើងទាំងអស់)រយ:ពេលប្រហែល៣០នាទី ក៍មានរថយន្តមួយគ្រឿងទៀត(រថយន្តដែលជួបគ្រោះថ្នាក់)បើកបរដោយជនជាតិខ្មែរ មកទទួលពួកគេធ្វើដំណើរបន្តទៅប្រទេសថៃ។
តាមពួកគេដឹងគឺធ្វើដំណើរចេញពីខេត្តត្បូងឃ្មុំ ឆ្ពោះទៅ ឡែម ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រួចលួចឆ្លងដែនចូលទៅប្រទេសថៃ។
ជនជាតិវៀតណាមដែលនៅរស់ចំនួន០៥នាក់នេះមានឈ្មោះដូចខាងក្រោម៖
១–ឈ្មោះ TRUONG THI KHUYEN ភេទស្រី កើតថ្ងៃទី១២–០២–១៩៨២ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខC៦១០៤៩៧៣។
២–ឈ្មោះ PHAN THI VAN ភេទស្រី កើតថ្ងៃទី០៥–០៥–១៩៨៤ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខC៧០៣៣៩២២។
៣–ឈ្មោះ HOANG QUOC TUAN ភេទប្រុស កើតថ្ងៃទី១៦–០៦–១៩៧៩ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខC៥៥៥៩៣១០។
៤–ឈ្មោះ DANG VAN VINH ភេទប្រុស កើតថ្ងៃទី១០–០៣–១៩៨១ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខC៩៣៧៣២៨៤។
៥–ឈ្មោះ PHAM VIET LOI ភេទប្រុស កើតថ្ងៃទី១៤–០៣–១៩៨១ ជនជាតិវៀតណាម លិខិតឆ្លងដែនបាត់។
បច្ចុប្បន្ន សាកសពជនរងគ្រោះទាំង ០៧នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ៕

 

មតិយោបល់