ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពឆក់ខ្សែកពីស្ត្រីម្នាក់បានសម្រេច ក្រោយមកក៏បានជិះម៉ូតូរត់គេចខ្លួន ភ័យពេកក៏បើកទៅបុកម៉ូតូអ្នកធ្វើដំណើរតាមផ្លូវបណ្ដាលឲ្យដួល ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចផ្លូវ២៧៤កែង២០៥ ក្រុម៣៣ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ចាន់ មនោរង្សី ហៅរង្សី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអនឡាញ (ប្រើប្រាស់នូវសារធាតុញៀន ) ស្នាក់នៅផ្ទះលេខ២៦ ផ្លូវ២១៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ លាងអ៊ី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បន្លែ ស្នាក់នៅផ្ទះជួល ភូមិពោធិញៀន សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមាន៖ ម៉ូតូ មួយគ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IL-1681 (ជាមធ្យោបាយធ្វើសកម្មភាពរបស់ជនសង្ស័យ), ទូរស័ព្ទ មួយគ្រឿង ម៉ាក oppo ពណ៌ស្វាយ, ខ្សែកលោហធាតុពណ៌លឿងទុំ បន្តោងគ្រប់មូល ចំនួនមួយខ្សែ ជារបស់ជនរងគ្រោះដែលដកហូតពីជនសង្ស័យ ហើយបានប្រគល់ឲ្យជនរងគ្រោះវិញ ។
នៅមុនកើតហេតុថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទី ជនរងគ្រោះ បានជិះម៉ូតូ មួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HJ-9779 ចេញពីកន្លែងលក់បន្លែ ក្នុងគោលបំណងយករ៉ឺម៉កទៅផ្ញើនៅសាលារៀន ពេលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចផ្លូវលេខ២៧៤ កែង២០៥ ក្រុម៣៣ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី២ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាក់ស្ដុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IL-1681 ជិះមកពីក្រោយ ជនរងគ្រោះ រួចធ្វើសម្មភាពលូកដៃឆ្វេងឆក់យកខ្សែករបស់ជនរងគ្រោះបានសម្រេចរួចជិះម៉ូតូគេចខ្លួន ភ្លាមៗនោះ ជនរងគ្រោះ ក៏បានស្រែកចោរៗ ខណ:នោះ ជនសង្ស័យភ័យក៏បើកម៉ូតូជុលទៅបុកជាមួយនឹងម៉ូតូអ្នកធ្វើដំណើរតាមផ្លូវ បណ្ដាលឲ្យដួលបន្ទាប់មកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ដែលល្បាត បានទៅដល់កន្លែងកើតហេតុ នឹងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាងយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី២ ដើម្បីសាកសួរតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ច បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់