ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា ធ្វើសកម្មភាពឆក់ការបូបស្ពាយពីនារីម្នាក់ បានសម្រេចហើយ ព្យាយាមគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋស្ទាក់ចាប់ជាប់វាយទ្រមខ្លួន ទើបប្រគល់ជូនសមត្ថកិច្ច ចំណែកនារីរងគ្រោះដួលរងរបួសស្រាល។
ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចរបងវត្តអង្គតាមិញ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះ ម៉ែន សៀម ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យទី២ ឈ្មោះ សុខ ប្រុសពេជ្យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារីម្នាក់ ជិះម៉ូតូម៉ាកធូដេ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ខាងកើតវត្តអង្គរតាមិញ ក្នុងទិសដៅពីជើងទៅត្បូងដោយដាក់កាបូបស្ពាយពាក់និងករម៉ូតូ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាកស៊ុយសាគីស្មាស់វី ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1CO 8961 មកពីក្រោយរួចធ្វើសកម្មភាពឆក់ការបូបពីនារីរងគ្រោះបានសម្រេច និងបណ្តាលឲ្យដួលរងរបួសរលាត់ដៃជើង ។
បន្ទាប់មកជនសង្ស័យព្យាយាមគេចខ្លួនតែត្រូវបានប្រជាពលរដ្ឋឃើញក៏ដេញស្រែកចោរៗ ទើបចាប់បាននិងវាយទ្រមខ្លួន រួចប្រគល់ទៅសមត្ថកិច្ចចាត់ការតាមនីតិវិធីតែម្តង ៕
មតិយោបល់