ព័ត៌មានជាតិ

នារីខ្មែរវ័យ១៦ឆ្នាំម្នាក់ មានផ្ទៃពោះបីខែ ត្រូវសង្សារនាងជាជនជាតិចិន វាយធ្វើបាប រហូតដល់សន្លប់ នៅក្នុងខុនដូ៨ប្រេសស៊ីស រ៉ូប៊ី

ភ្នំពេញៈ នារីវ័យក្មេងម្នាក់ បានរងនូវអំពើហិង្សា រងរបួសធ្ងន់ពេញផ្ទៃមុខ ដោយសារបុរសជាសង្សារម្នាក់ វាយដំ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១២និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុច ផ្លូវ៣២០ កែងនិងផ្លូវ១០៥ នៅខុនដូ មួយកន្លែងមានយីហោ ៨ប្រេសស៊ីស រ៉ូប៊ី ជាន់ទី៨ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ លីន យ៉ាង ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាបូបតាមអនឡាញ ស្នាក់នៅខុនដូ៨ប្រេសស៊ីស រ៉ូប៊ី មានស្រុកកំណើត នៅខេត្តព្រៃវែង រងរបួសបែកមុខ បែកមាត់សន្លប់ស្តូកស្តឹង រីអ្នកបង្កហិង្សា គឺជាសង្សារនឹងគ្នា ជនជាតិចិន មិនទាន់ស្គាល់អត្តសញ្ញាណ ។

តាមសម្ដីមិត្តភក្កិនារីរងគ្រោះ បានរៀបរាប់ប្រាប់ឲ្យដឹងថា ដំបូងឡើយនារីរងគ្រោះ បានតេហៅរូបគាត់ ឲ្យមកជួយប្រាប់ថា សង្សារបានវាយធ្វើបាបគាត់ បន្ទាប់មកគាត់ក៏បានមកដល់ ហើយបើកទ្វារសួរនាំ និងឃើញសម្ភារ:រាយប៉ាយអីវ៉ាន់ពាសពេញបន្ទប់ ហើយជនរងគ្រោះដេកសន្លប់នៅលើឥដ្ឋ ។ បន្ទាប់មកគាត់ក៏បាន គ្រាចុះមកក្រោម បង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង ។

ប្រភពដដែលបានបន្តថា នារីរងគ្រោះបានស្រឡាញ់គ្នាជាមួយនឹងជនជាតិចិន មិនបានរៀបការ ត្រឹមត្រូវនោះទេ។បាន យកគ្នា៣ទៅ៤ខែតែប៉ុណ្ណោះ ហើយនារីរងគ្រោះ បានរងនូវអំពើហិង្សា ច្រើនលើកច្រើនសាររួចមកហើយ បើតាមមិត្តភក្តិរបស់ជនបង្កបានប្រាប់ថា លឺសូរតែសំឡេង វាយដំ ។ ហើយនៅពេលនេះ នារីរងគ្រោះ មានផ្ទៃពោះបីខែផងដែរ។

ក្រោយមក សមត្ថកិច្ចក៏មកដល់កន្លែងកើតហេតុ បានទៅមើលនារីរងគ្រោះ ដល់មន្ទីរពេទ្យ ហើយក៏រង់ចាំពេលព្រឹក នឹងចូលទៅសួរនាំជនជាតិចិននោះ ដើម្បីយកមកអនុវត្ត តាមនីតិវិធីនៃច្បាប់៕

មតិយោបល់