ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌ ៧មករា បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពីបទលួចស្លាកលេខរថយន្តប្រព្រឹត្តនៅចំណុចមុខក្រសួងសុខាភិបាល ផ្លូវ១២៨ ភូមិ៣ សង្កាត់មិត្តភាព ខណ្ឌ ៧មករា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ជនសង្ស័យមានឈ្មោះ លី សុបញ្ញ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល មិនចាំលេខ ផ្លូវ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា (ពិនិត្យទឹកនោមមានសារធាតុញៀន) និងឈ្មោះ អ៊ុក សាវី ភេទប្រុស ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅ ផ្ទះលេខ ៣Eo ផ្លូវបេតុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (ពិនិត្យទឹកនោមមានសារធាតុញៀន) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈជនសង្ស័យអង្គុយក្បែរបងវត្តថ្វាបង្គុំ ផ្លូវ១២៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា កម្លាំងបានហៅមកសួរនាំជនទាំង២នាក់ ក៏បានសារភាព ថា ខ្លួនបានធ្វើសកម្មភាព លួចស្លាកលេខរថយន្ត នៅមុខក្រសួងសុខាភិបាល បានស្លាកលេខចំនួន ១បន្ទះយកទៅលក់ឲ្យឈ្មោះរៈនៅម្តុំផ្សារ សូរីយ៉ា បានចំនួន ១០០០០០(ដប់ម៉ឺន)រៀល កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។
វត្ថុតាង និងសម្ភារៈចាប់ពីជនសង្ស័យរួមមាន ស្លាកលេខរថយន្តចំនួន២បន្ទះ ១/បន្ទះទី១ មានលេខ ភ្នំពេញ 2BD-3398 ២/បន្ទះទី២ភ្នំពេញ2BA-8753, ៣/ទួណឺវីសចំនួន១ ដែកក្បាលទួណឺវីសចំនួន៤, ៤/ម៉ូតូ១គ្រឿងម៉ាកC125 ពាក់ស្លាកលេខក្រចេះ 1A ៣៦៣៣ ជាធ្យោបាយជនសង្ស័យជិះធ្វើសកម្មភាព ។
ជនរងគ្រោះ ទី១/ឈ្មោះ KOWE FEZEU អាយុ៣៩ឆ្នាំ ជនជាតិកាម៉ារូន មុខរបរលក់ដូរ ស្នាក់នៅ១៤៨E5 ផ្លូវ១២៨ សង្កត់មិត្តភាព ខណ្ឌ៧មករា និងជនរងគ្រោះទី២ឈ្មោះ អ៊ឹង ស៊ីតាយ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ ៣១១Eo ផ្លូវ១២៨ ភូមិ១០ សង្កាត់មិត្តភាព ខណ្ឌ ៧មករា ។
សម្ភារៈបាត់បង់រួមមានស្លាកលេខរថយន្តភ្នំពេញ 2BI-9426 ចំនួន១បន្ទះខាងមុខ ។ ចំពោះស្លាកលេខចាប់យកពីជនសង្ស័យចំនួន ២បន្ទះ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញហើយ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់កំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងឯកសារបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់