ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ងៀតបបែល និងពពុះសណ្ដែក មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ចំនួន ១៤គីឡូក្រាម

ស្វាយរៀងៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប. ខេត្តស្វាយរៀង ដោយមានការសហការពីមន្ទីរពាណិជ្ជខេត្ត និងគណកម្មការផ្សារ បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងធ្វើការត្រួតពិនិត្យផលិតផលម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ នៅផ្សារប្រសូត្រ ស្ថិតក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារចំនួន ៣២គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។

  • ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញមួយចំនួនមានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) រួមមាន៖
  • ងៀតបបែល ចំនួន ៩គីឡូក្រាម
  • ពពុះសណ្តែក ចំនួន ៥គីឡូក្រាម។

បន្ទាប់មកមន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់