ព័ត៌មានជាតិ

បុរសម្នាក់ផឹកស្រា និងប្រើប្រាស់គ្រឿងញៀនវង្វេងស្មារតី យកពូថៅដេញកាប់មនុស្ស បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ៥នាក់

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មនុស្សប្រុស ស្រី ចំនួន០៥នាក់ បានរងរបួសក្នុងហេតុការណ៍ហឹង្សា ជនដៃដល់ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់រួចហើយ។

បើតាមការឲ្យដឹងពីលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានថា នៅចំណុចម្ដុំស្រាផ្តិល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានពីករណីហឹង្សានេះភ្លាម លោកបានដឹកនាំកម្លាំង ចុះប្រតិបត្តិការដល់កន្លែងកើតហេតុ និងឃើញជនសង្ស័យមានអាការៈបាត់បង់ស្មារតីស្រែកឡូឡា ហើយមានកាន់ពូថៅនៅនឹងដៃព្រមទាំងមានជនរងគ្រោះ ប្រុស ស្រី រងរបួសដេកដួលរណូករណែលនៅនឹងដីចំនួន ០៥នាក់ផងដែរ។ ភ្លាមៗនោះកម្លាំងរបស់លោកបានចាប់ឃាត់ខ្លួនជនបង្កឈ្មោះ ក្លឹង សំណាង នាំមកសាកសួរចម្លើយនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ។

លោកមេបញ្ជាការបានបញ្ជាក់ថា៖​ នៅពេលកម្លាំងជំនាញធ្វើការសាកសួរចម្លើយ ជនសង្ស័យបានសារភាពថា៖ ខ្លួនគេបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះទាំងអស់នោះពិតប្រាកដមែន ដោយសារខ្លួនផឹកស្រា និងប្រើប្រាស់គ្រឿងញៀនបណ្តាលឱ្យបាត់បង់ស្មារតី។ ចំណែកជនរងគ្រោះចំនួន០៥នាក់៖
១/.ឈ្មោះ ឡាយ ម៉េងលាភ ភេទប្រុស អាយុ ៥ឆ្នាំ រងរបួសធ្ងន់។
២/.ឈ្មោះ ញិន វណ្ណា ភេទប្រុស អាយុ ៣៦ឆ្នាំ រងរបួសធ្ងន់ ។
៣/.ឈ្មោះ ទូច ឡាយ ភេទប្រុស អាយុ ៤៣ឆ្នាំ រងរបួសធ្ងន់ ។
៤/.ឈ្មោះ សេង ចាន់តារា ភេទស្រី អាយុ ៥១ឆ្នាំ រងរបួសស្រាល ។
៥/.ឈ្មោះ ទូច ឡុក ភេទប្រុស អាយុ ៧២ឆ្នាំ រងរបួសស្រាល ជនរងគ្រោះទាំង០៥នាក់ រស់នៅកន្លែងកើតហេតុ ម្ដុំស្រាផ្តិល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ ជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរួចបានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

មតិយោបល់