ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយបុរសម្នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្តស៊េរីទំនើប១គ្រឿង ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យបាក់ និងខូចខាតរថយន្ត។
ហេតុការណ៍នេះ កើតឡើងនាវេលាម៉ោង ១១និង២៥នាទីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០
តាមបណ្ដោយផ្លូវ១៨០០ កែងនិងផ្លូវ៥៩៨ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនកើតហេតុ គេឃើញបុរសម្នាក់ ទំនងជាស្រវឹងស្រា បានបើករថយន្ត១គ្រឿង ម៉ាកហ្វតរ៉េនជ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BI-8603 ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់ខ្ទាតប៉ើងប្រមាណជិតដប់ម៉ែត្រ រីឯម្ចាស់រថយន្តរបួសបែកក្បាល ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះមកដល់ ធ្វើការវាស់វែង ស្ទូចយករថយន្តបង្ក ទៅរក្សានៅស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ពេលក្រោយ៕










មតិយោបល់