បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជនម្នាក់ ដែលគេស្គាល់ជាមន្ត្រីបំរើការងារនៅសាលាខេត្តបន្ទាយមានជ័យ បានរងគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ ដោយបើកម៉ូតូបុករថយន្តធុនធំដឹកស្រូវពីក្រោយ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវកោងក្នុងភូមិតាគល់ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ វ៉ៃ វិន ភេទប្រុស អាយុ២៩ឆ្នាំ (មិនពាក់មួកសុវត្ថិភាព) រស់នៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាមន្ត្រីបំរើការងារនៅសាលាខេត្តបន្ទាយមានជ័យ ។
ប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប.មានជ័យ.1U-2160 ក្នុងទិសដៅពីត្បូងទៅជើង ដល់ចំណុចកើតហេតុចំណុចផ្លូវកោងក្នុងភូមិតាគល់ ឃុំផ្គាំ ស្រុកស្វាយចេក បានបុករថយន្តធុនធំដឹកស្រូវម៉ាក HINO ស្លាកលេខ ពោធិ៍សាត់ 3A-0634 ដែលឈប់ចតគ្មានដាក់ស្លាកសញ្ញាសម្គាល់បំរុងលើកការុងស្រូវដាក់លើរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះ ត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ចំណែកអ្នកបើកបររថយន្តក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ ។
វត្ថុតាងម៉ូតូនិងរថយន្ត សមត្ថកិច្ចនគរបាលជំនាញ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីរង់ចាំធ្វើការ ដោះស្រាយនៅពេលក្រោយ។ មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើក បររថយន្តឈប់ចតលើទ្រូងផ្លូវខាងឆ្វេងដៃជាចំណុចផ្លូវកោងនិងមិនមានដាក់ស្លាកសញ្ញាសម្គាល់ ៕
មតិយោបល់