ព័ត៌មានជាតិ

ពលរដ្ឋដើរឃ្វាលគោ ប្រទះឃើញសពបុរសម្នាក់បាត់ខ្លួន៤ថ្ងៃ អណ្តែតនៅក្នុងទឹកស្រះ

បន្ទាយមានជ័យ:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់បានដើរបាត់ពីផ្ទះ០៤ថ្ងៃប្រទះឃើញសពអណ្តែតទឹកស្រះខាងជើងវត្តបឹងត្រកួន ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា សពឈ្មោះ ចាន់ កំសាន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៤ខែវិច្ឆិកា ត្រូវបានប្រជាពលរដ្ឋដើរឃ្វាលគោ ប្រទះឃើញសពអណ្តែក្នុងទឹកស្រះ នៅចំណុចខាងជើង វត្តបឹងត្រកួន រួចបានរាយការណ៍មកសមត្ថកិច្ចនគរបាល ។

ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានភ្លាម បានចាត់តាំងកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍ សហការជាមួយគ្រូពេទ្យ អាជ្ញាធរភូមិ ឃុំ ចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ ។ លើខ្លួនសពពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ ក្រុមការងារត្រួតពិនិត្យនិងគ្រូពេទ្យសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។ បើតាមការបំភ្លឺពីម្ដាយសពបានឲ្យដឹងថា កូនប្រុសគាត់ឈ្មោះចាន់ កំសាន ជាមនុស្សញៀនស្រា ផឹកជាប្រចាំ មិនហូបបាយ មុនស្លាប់ ដើរបាត់ពីផ្ទះបីបួនថ្ងៃមកហើយ ៕

មតិយោបល់