ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យុវជនម្នាក់ត្រូវបានភាគីជនរងគ្រោះឃាត់ខ្លួនប្រគល់សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ពាក់ព័ន្ធករណីបង្កអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់(ប្រើកាំបិតប៉័ងតោនិងដាវកាប់របួសធ្ងន់) នៅចំណុចមុខតារាងបាល់ទាត់បឹងកេត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង២០និង០០នាទី ។
ជនរងគ្រោះឈ្មោះ រ័ត្ន រក្សា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ ស្នាក់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនសង្ស័យឃាត់ខ្លួនឈ្មោះ ចន្ថា មករា ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ ស្នាក់នៅផ្ទះជួល ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ត្រូវបានក្រុមគ្រួសារជនរងគ្រោះឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទី ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិ០៣នាក់ទៀតជិះម៉ូតូ០៣ គ្រឿង ទៅអង្គុយលេងនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ និងបក្ខពួកប្រហែល ២០នាក់ ជិះម៉ូតូប្រហែល១០គ្រឿង មិនចាំម៉ាក មកឈប់ក្បែរជនរងគ្រោះ រួចនាំគ្នាយកកាំបិត ប៉័ងតោ និងដាវកាប់ទៅលើជនរងគ្រោះត្រូវចំខ្នង,ដើមដៃឆ្វេង, កំភួនជើងឆ្វេង និងប្រអប់ ជើងឆ្វេងដួលទៅលើផ្លូវ រួចពួកជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួន។ ចំណែកជនរងគ្រោះត្រូវបានមិត្តភក្តិនាំទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លុះដល់ថ្ងៃទី២៦-១១-២០២០ ម៉ោង១៧និង០០នាទី ជនរងគ្រោះ និងក្រុមគ្រួសារឃើញបក្ខពួកជនសង្ស័យម្នាក់ឈ្មោះ ចន្ថា មករា នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ៕
មតិយោបល់