ព័ត៌មានជាតិ

កំពុងតែលេងជល់មាន់សុខៗ ស្រាប់តែសមត្ថកិច្ចព័ទ្ធជុំ ឃាត់មនុស្ស ១៣នាក់

ភ្នំពេញ: កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឆ្មក់បង្ក្រាបទីតាំងជន់មាន់មួយកន្លែង ឃាត់បានមនុស្ស១៣នាក់ ម៉ូតូ១៣គ្រឿង មាន់៤ក្បាល។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្រោមដើមឈើគុម្ភព្រៃត្រែង តាមច្រាំងទន្លេ ខាងជើងស្ពានបាឡេ ស្ថិតក្នុងភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

មុនឈានដល់ការចុះបង្ក្រាបខាងសមត្ថកិច្ច បានទទួលការរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋល្អ បានផ្តល់ព័ត៌មានថា នៅចំណុចទីតាំងខាងលើមាន មានក្រុមអ្នកនិយមល្បែងជល់មាន់ ជាច្រើនកុះករ ។

ទើបនៅព្រឹកថ្ងៃទី២៨នេះ លោកវរសេនីយ៍ឯក ប៊ុត សត្យា នាយកការិយាល័យ អនុញ្ញាតឱ្យលោក វរសេនីយ៍ទោ រ៉េត ស៊ីណែត .លោកវរសេនីយ៍ទោ ទួត សំណាង .លោកវរសេនីយ៍ទោ ភឿន សុផាត បានដឹកនាំកម្លាំងចុះបង្ក្រាបបានជាក់ស្តែងតែម្តង។

ក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ ឃាត់បានក្រុមអ្នកលេងជល់មាន់បាន ១៣ នាក់ ម៉ូតួចម្រុះ ១៣គ្រឿង មាន់ជល់ ៤ក្បាល បញ្ជូនទៅកសាងសំណុំរឿងនៅឯការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់