កំពង់ស្ពឺ: ខណៈដែលប្រជាពលរដ្ឋខ្មែរ ភាគច្រើន និងភ្ញៀវបរទេស រួមនឹងនាយករដ្ឋមន្ត្រី បាន និងកំពុងចាប់អារម្មណ៍ បទចម្រៀងដ៏ទាន់សម័យមួយ គឺបទ “ រាំញីកែងជើង ” នោះ មេគណខេត្តកំពង់ស្ពឺ និងជាព្រះចៅអធិការ វត្តរលាំងកំពូល ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បែរជាមិនសូវជាចាប់អារម្មណ៍ ដោយចាប់អារម្មណ៍បទ “ ស្រអែមខៀវខ្ចី ” វិញ។
ទោះជាបែបណា ការច្រៀងលើកឆាកតន្ត្រី តាមទីសាធារណៈនេះ ធ្វើឱ្យប្រជាពលរដ្ឋភាគច្រើន មានការរិះគន់ ដោយលើកទស្សនៈផ្សេងៗគ្នា តាមបណ្តាញសង្គម facebook បន្ទាប់មក គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចដកតំណែង ព្រះមេគណខេត្តកំពង់ស្ពឺ បន្ទាប់ពី បើកកិច្ចប្រជុំសម្ងាត់រយៈពេលជាង ៦ម៉ោង នៅក្នុងវត្តបទុមវត្តី រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីមន្ត្រី នៅក្រសួងធម្មការ និងសាសនា បានប្រាប់ Post News នៅព្រឹកថ្ងៃទី២១ មេសា នេះថា ម្សិលមិញនេះ ចាប់ពីម៉ោង០៣ រសៀល ដល់ម៉ោង០៩ យប់ មក គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានបើកការប្រជុំបន្ទាន់មួយ ដោយលើកឡើង ព្រះចៅអធិការ វត្តរលាំងកំពូល ព្រះនាម ឌូ វណ្ណឌឿន ជាប្រធានបទដ៏សំខាន់ ពីព្រោះព្រះសង្ឃអង្គនេះ បានប្រព្រឹត្តខុសធម៌វិន័យរបស់ព្រះពុទ្ធ ដោយសារព្រះអង្គឡើងច្រៀងចម្រៀង លើឆាកតន្ត្រីឲ្យពុទ្ធបរិស័ទរាំ ក្នុងអំឡុងពេលចូលឆ្នាំ កន្លងទៅ។
នៅក្នុងការច្រៀងបែបសប្បាយនោះ ត្រូវបានគេលើកឡើងថា ព្រះចៅអធិការអង្គនេះ ចូលចិត្តច្រៀងបទ “ ស្រអែមខៀវខ្ចី ” ប៉ុន្តែសម្រាប់បទ ដែលពេញនិយមក្នុងពេលចូលឆ្នាំខ្មែរ បទ “ រាំញីកែងជើង ” ព្រះតេជគុណ មិនសូវជាចាប់អារម្មណ៍ទេ ដោយសារតែមិនចេះច្រៀង៕
https://youtu.be/-l3-FTJJvPY
មតិយោបល់