ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ ជំនាញខាងគាស់ផ្ទះ អស់លក្ខណ៍ ត្រូវជាប់ខ្នោះ

បាត់ដំបង: ជនសង្ស័យចំនួន៣នាក់ ដែលជាមុខសញ្ញាគាស់ផ្ទះ លួចគ្រឿងអលង្ការ មាស ពេជ្រ ដ៏មានតម្លៃ នៅស្រុកសង្កែ ត្រូវបានកម្លាំង នៃស្នងការដ្ឋាន នគរបាលខេត្ត សហការជាមួយនឹងកម្លាំង នៃអធិការដ្ឋាននគរបាល ស្រុកសង្កែ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការ ឃាត់ខ្លួន ។

តាមរយ:ការប្រើប្រាស់ វិធានការជំនាញ របស់នគរបាល នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ១១ថ្ងៃត្រង់នេះ ការិយាល័យជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួន ជនសង្ស័យ ៣នាក់ ដែលពាក់ព័ន្ធទៅ នឹងករណីគាស់ផ្ទះ នៅចំនុចក្រុមទី១៥ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ចន្លោះពីម៉ោង៦ និង៣០នាទី ដល់ម៉ោង១០ និង៣០នាទីព្រឹក កន្លងទៅថ្មីៗនេះ ។

ជនសង្ស័យទាំង៣នាក់ ដែលសមត្ថកិច្ច ឃាត់ខ្លួនបានគឺ ១-ឈ្មោះ ឈៀង ពីង ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិកំណប់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ២-ឈ្មោះ ខៀវ ចាន់នី ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង និង៣-ឈ្មោះ ឃី ជ័យ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិទំនប់ត្រកួន ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។

នៅក្នុងចំណោមពួកគេ ទាំង៣នាក់ គឺជនសង្ស័យឈ្មោះ ឈៀង ពីង បានសារភាពថា ពេលចូលទៅលួចទ្រព្យសម្បត្តិ គឺខ្លួនទទួលបានតែ៥ម៉ឺនរៀលគត់ ដោយសារតែខ្លួន ជាអ្នកយាមផ្លូវនៅខាងក្រៅ ដូច្នេះចំណែកអ្វីដែល លួចបានគឺខ្លួនមិនបានដឹងថា មានអ្វីខ្លះនោះឡើយ ព្រោះពួកគេទាំងពីរនាក់ ជាអ្នកចូលធ្វើសកម្មភាពនៅខាងក្នុង ។

ឆ្លងតាមរយ: នៃការស្រាវជ្រាវជនសង្ស័យ ទាំង៣នាក់ បានឆ្លើយសារភាពថា បក្សពួកខ្លួនធ្លាប់ធ្វើសកម្មភាព គាស់ផ្ទះចូលលួចយក ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រស្រុកសង្កែ នាពេលកន្លងមក ដែលពេលនេះ នគរបាលជំនាញ កំពុងធ្វើការស្រាវជ្រាវយ៉ាង សកម្មបំផុត ដើម្បីស្វែងរកភស្តុតាងបន្ថែម និងរៀបចំបញ្ជូនទៅតុលាការ ខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

គួរបញ្ជាក់ដែរថា ករណីនេះបានកើតឡើង ទៅលើផ្ទះរបស់ជនរងគ្រោះឈ្មោះ ស៊ុយ សុវណ្ណា ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅត្រង់ចំណុច កើតហេតុខាងលើ ដោយបានបាត់បង់ នូវគ្រឿងអលង្ការ មួយចំនួនដូចជា ចិញ្ចៀនផ្លាទីន ដាំពេជ្រចំនួន២វង់ ដែលមានតម្លៃ ១៥០០ដុល្លារ ចិញ្ចៀនផ្លាទីន១វង់ស្មើនឹង១៥០ដុល្លារ ខ្សែដៃដាំត្បូង១ខ្សែ ស្មើនឹង ៣០០ ដុល្លារ និងក្រវិលផ្លាទីនមួយគូរ តម្លៃ៥០ ដុល្លារ ។

ចំណែកគ្រឿងអលង្ការ របស់កូនស្រីឈ្មោះ ស៊ុយ ណារ៉ូន អាយុ៣១ឆ្នាំ ក៏បានបាត់ នូវគ្រឿងអលង្ការ មួយចំនួនដែរ ដូចជា ចិញ្ចៀនផ្លាទីន ដាំពេជ្រចំនួន២វង់ តម្លៃ២០០០ដុល្លារ ខ្សែ ក ផ្លាទីនមួយខ្សែ ខ្សែដៃមាស មួយខ្សែ តម្លៃ៤៥០ ដុល្លារ ចិញ្ចៀនមាសមួយវង់ តម្លៃ ២២៥ ដុល្លារ ចិញ្ចៀនផ្លាទីន៤វង់ តម្លៃ៨០ដុល្លារ ខ្សែដៃផ្លាទីន មួយខ្សែតម្លៃ២៥០ដុល្លារ និងកងដៃផ្លាទីនមួយ។

ឯកូនស្រីច្បងក៏បានបាត់ របស់របរមួយចំនួនដែរ ដូចជា ខ្សែដៃផ្លាទីន ដាំពេជ្រមួយខ្សែ តម្លៃ ២០០០ដុល្លារ និងក្រវិលផ្លាទីន មួយគូរ តម្លៃ៣០ ដុល្លារ ផងដែរ ដែលសរុបរួម គឺអស់គ្រឿងអលង្ការ ដ៏មានតម្លៃជាច្រើន ដែលជនមិនស្គាល់មុខ បានធ្វើសកម្មភាព គាស់ចម្រឹងបង្អួច និងចូលទៅប្រមូលគ្មានសល់ ៕

image1

image2

image3

 

មតិយោបល់